ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលបាញ់ឡើងលើក្រោយហ្វូងមនុស្សរាំងខ្ទប់រថយន្តដឹកជនសង្ស័យលួចឡានតាមសេចក្តីរាយការណ៍

KPS99TV

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍ នៅយប់ថ្ងៃទី៤ ខែមេសា ហ្វូងមនុស្សបានរាំងខ្ទប់រថយន្តដឹកជនសង្ស័យលួចឡាន ហើយនគរបាលបាញ់ឡើងលើក្រោយរថយន្តរងការខូចខាត។

ប្រជាពលរដ្ឋតវ៉ាឡោមព័ទ្ធ និងបិទចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៣មិនឱ្យឡានរបស់នគរបាលដែលដឹកជនសង្ស័យជាចោរលួចឡាន ដើម្បីចង់រំដោះយកជនសង្ស័យចេញនៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ ការតវ៉ានេះ មានទាំងការចាក់បំបែកកង់ឡាន និងវាយកម្ទេចឡានរបស់នគរបាលបណ្តាលខូចខាតទៀតផង ទើបកម្លាំងនគរបាលបានសម្រេចផ្ទុះអាវុធជាច្រើនគ្រាប់ឡើងលើ ដើម្បីបំបែកក្បួនតវ៉ា។

ករណីនេះបានកើតឡើងបន្ទាប់ពីនគរបាលខេត្តព្រៃវែងសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវករណីចោរលួចឡានមួយគ្រឿងនៅស្រុកពាមរក៍ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៤ ខែមេសា។ ក្រោយមក ក៏មានប្រជាពលរដ្ឋផ្ទុះការតវ៉ានិងឡោមព័ទ្ធឡានរបស់នគរបាលដែលដឹកជនសង្ស័យ ដើម្បីចង់រំដោះជនសង្ស័យចេញពីកណ្តាប់ដៃរបស់សមត្ថកិច្ច។

យ៉ាងណា អ្នកសង្ស័យទទួលផលចោរកម្ម បានសារភាពថា ឡាន Hyundai ដែលគាត់ទទួលទិញពីជនសង្ស័យក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២៣០០ដុល្លារ។ តាមការសារភាពរបស់អ្នកសង្ស័យទទួលផលចោរកម្ម គាត់បានបញ្ជាក់ថា គាត់តែងតែទទួលទិញឡានដែលគ្មានឯកសារត្រឹមត្រូវ ពោលទិញពីមុខសញ្ញាដែលលួចពីកន្លែងផ្សេង ហើយមកលក់ឲ្យគាត់ រួចហើយគាត់កាប់សាច់ (បំបែកគ្រឿង) យកលក់បន្តទៀត។សូមបញ្ជាក់ថា នៅយប់ទៀបភ្លឺថ្ងៃទី២៥ ខែមីនា មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនិតីវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី៤ ខែមេសា នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…