ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងប្រព្រឹត្តកម្មនៅរោងចក្រកែច្នៃស្បែកសត្វគូប៊ុន នៅស្រុកព្រៃនប់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ឡុង ឌីម៉ង់ បានពិនិត្យការសាងសង់អាងប្រព្រឹត្តកម្មរបស់ក្រុមហ៊ុន KUBON នៅថ្ងៃទី៣ ខែមេសា មុនពិចារណាសំណើស្តារអានុភាពអគ្គិសនីសម្រាប់ការសាកល្បង។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តបានបញ្ជាក់ថា ការចុះពិនិត្យរោងចក្រកែច្នៃស្បែកសត្វរបស់ក្រុមហ៊ុនគូប៊ុននេះ ជាភារកិច្ចចាំបាច់មុននឹងឆ្លើយតបសំណើរបស់ក្រុមហ៊ុនក្នុងការតម្លើងអានុភាពអគ្គីសនីឱ្យដូចដើមមកវិញ ដើម្បីដាក់ដំណើរការសាកល្បងម៉ាស៊ីន និងអាងចម្រោះដែលគ្រោងនិងបញ្ចប់ការសាងសង់នាពេលខាងមុខ។ តាមរយៈការចុះពិនិត្យនេះ ឃើញថាក្រុមហ៊ុនបានបង្ហាញនូវសុឆន្ទៈក្នុងការកែតម្រូវតាមការណែនាំនិងស្របទៅតាមស្តង់ដាបច្ចេកទេស ដើម្បីអាចបើកដំណើរការផលិតកម្មឡើងវិញពិតប្រាកដមែន។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លើកឡើងដូចនេះក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាងប្រព្រឹត្តកម្មនៅរោងចក្រកែច្នៃស្បែកសត្វរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ។

គួររំឮកផងដែរថា រោងចក្ររបស់ក្រុមហ៊ុនកែច្នៃស្បែកសត្វគូប៊ុន នេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុក៍បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តចុះផ្អាកដំណើរការផលិតកម្មទាំងស្រុង និងទម្លាក់អានុភាពអគ្គិសនីមកត្រឹមកម្រិតអប្បបរមារហូតដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេសឡើងវិញផងដែរ ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…