ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមជាមួយមហាជន បានចូលរួមរាំលេងកម្សាន្តតាមចង្វាក់រាំវង់ប្រពៃណីខ្មែរ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ» នៅបរិវេណរង្វង់មូលស្លាកក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ នារាត្រីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី។
ពិធីដ៏សប្បាយរីករាយនេះ បានប្រារព្ធឡើងក្រោមការចូលរួមពី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ «ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ» នាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងអំពីប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅឆ្នេរអូរឈើទាល ព្រមទាំងមានព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ខ្មែរ និងលេងល្បែងប្រជាប្រិយ ដើម្បីអបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹម នៃខេត្តព្រះសីហនុ (Smiling and Hoping of Preah Sihanouk Province)» ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងត្រៀមរៀបចំមហាសង្ក្រាន្តឆ្នាំមមី ដើម្បីទទួលទេវតាឆ្នាំថ្មី ព្រមទាំងបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ តាមរយៈការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងរួមសាមគ្គីជាមួយរាជរដ្ឋាភិបាល ដោយមានជំនឿមុតមាំលើបុព្វហេតុដ៏យុត្តិធម៌របស់យើង គឺ «សាមគ្គីរស់ សាមគ្គីឈ្នះ» ហើយគ្មានអានុភាពណាអាចបំផ្លាញឆន្ទៈរបស់យើងបានឡើយ។
សមិទ្ធផលដែលត្រូវបានសម្ពោធនាពេលនេះ រួមមាន ចំណតរថយន្ត ការកែលម្អតូបអាហារ ការបើកផ្លូវដើរចូលឆ្នេរចំនួន ៧ ច្រក ការបំពាក់កាមេរ៉ាសុវត្ថិភាព ការសាងសង់ស្លាក «ខ្ញុំស្រឡាញ់ក្រុងព្រះសីហនុ» និងការសាងសង់អគារសម្រាប់កម្លាំងកងរាជអាវុធហត្ថយាមប្រចាំការជាដើម។
សមិទ្ធផលទាំងនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការប្រែក្លាយឆ្នេរអូរឈើទាល ឱ្យក្លាយជាទិសដៅទេសចរណ៍ស្អាត ទំនើប និងមានស្តង់ដារអន្តរជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រឈានមុខ។
ជាមួយនឹងការសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាសមិទ្ធផលដ៏សំខាន់នេះ ដោយរក្សាអនាម័យបរិស្ថាន និងសម្អាតឆ្នេរអូរឈើទាល ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីជាអត្ថប្រយោជន៍រយៈពេលវែង សម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត - កែវ ដារ៉ា




















