សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីភ្នំពេញ ទៅចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ និងទស្សនកិច្ចការងារនៅលីយ៉ុងនិងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មេសា ២០២៦។
ការអញ្ជើញនេះធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
កិច្ចប្រជុំកំពូលសុខភាពតែមួយជាកិច្ចប្រជុំ One Planet Summit លើកទី៩ និងជាព្រឹត្តិការណ៍សំខាន់ក្នុងឆ្នាំដែលបារាំងធ្វើជាប្រធាន G7 ឆ្នាំ២០២៦។
វេទិកាកម្រិតខ្ពស់នេះមានការចូលរួមពីប្រមុខរដ្ឋនិងរដ្ឋាភិបាល អង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីពិភាក្សាបញ្ហាសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។
អ្នកអមដំណើរសម្ដេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
ក្នុងអំឡុងទស្សនកិច្ច សម្ដេចគ្រោងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំងនិងថ្នាក់ដឹកនាំប្រទេសមួយចំនួន ដើម្បីផ្លាស់ប្ដូរមតិលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហការលើវិស័យនានា។
ដោយ៖ ង៉ែត ពិសាន្ត




















