តាមសេចក្ដីរាយការណ៍ សមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ដើម្បីឃាត់រថយន្ដបង្កគ្រឿងបើកបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុហើយគេចពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា រថយន្តបង្កម៉ាក Toyota Alphard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតីបុករថយន្ត២គ្រឿង នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ។ តែមិនព្រមឈប់ហើយព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ ពេលនោះសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ប៉ុន្តែរថយន្តបង្កមិនព្រមបញ្ឈប់សកម្មភាពរហូតដល់បុកនគរបាលបណ្ដាលឱ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងថែមទៀត។
នៅពេលនោះដើម្បីការពារខ្លួន និងកុំឱ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏បានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់បំបែកកង់រថយន្តបង្កតែម្ដង ដើម្បីឃាត់ខ្លួនអ្នកបើកបរ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យក្នុងរថយន្តម្នាក់ឈ្មោះ ប៉ុល ពោធិចា អាយុ ៣២ឆ្នាំ ជាជនជាតិខ្មែរ មកសួរនាំបន្តនៅអធិការដ្ឋាននគរបាលស្រុកចំការលើ៕
ដោយ៖ ង៉ែត ពិសាន្ត









