ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងចម្រុះឃាត់ខ្លួនជនបរទេស២១៨នាក់ក្នុងប្រតិបត្តិការនៅសែនសុខ

KPS99TV

សេចក្តីសង្ខេប

សេចក្ដីរាយការណ៍អំពីប្រតិបត្តិការថ្ងៃទី៦ ខែមេសា បញ្ជាក់ពីជនបរទេស២១៨នាក់ និងសម្ភារៈដកហូត ខណៈនគរបាលសង្ស័យការក្លែងជាប៉ូលិសជប៉ុន និងការឆបោកផ្សេងទៀត។

ភ្នំពេញ៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ឆ្មក់បង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលបង្កប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅខុនដូ «ភ្នំពេញ កាឡាក់ស៊ី ហ្គាដេន» ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងដកហូតសម្ភារៈជាវត្ថុតាងជាច្រើន។ ប្រតិបត្តិការនេះ បានអនុវត្តនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ និងការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងចំណោមជនបរទេសសរុប ២១៨នាក់ មានស្ត្រី ១០នាក់ និងមានចំនួន ៦ សញ្ជាតិ រួមមាន៖ ជនជាតិចិន ៩៣នាក់, បង់ក្លាដេស ៩១នាក់, វៀតណាម ១៧នាក់, ឥណ្ឌា ១១នាក់, ជប៉ុន ៥នាក់ និងឡាវ ១នាក់។ ក្នុងនោះ មានមនុស្ស ១១៤នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។

ជាមួយគ្នានេះ ក្រុមការងារបានដកហូតវត្ថុតាង រួមមាន៖ កុំព្យូទ័រ All-in-One ១៣៣គ្រឿង, កុំព្យូទ័រយួរដៃ ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២គ្រឿង, ម៉ូនីទ័រ ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២មួក, អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន ៤សន្លឹក។

យោងតាមការធ្វើកោសលវិច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ទីតាំងនេះពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលជប៉ុន ដើម្បីឆបោកជនជាតិជប៉ុន និងការឆបោកក្រោមរូបភាពលួងលោមស្នេហា ព្រមទាំងការវិនិយោគក្លែងក្លាយ ដែលមានគោលដៅទៅលើប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងវៀតណាម។

បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោក ឬបទល្មើសឆ្លងដែនឡើយ។ បុគ្គល ឬអង្គភាពណាមួយដែលពាក់ព័ន្ធ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍។

គួរបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយ បន្ទាប់ពីការចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

តាមច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ ត្រូវបានកំណត់ រួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក ៣- បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តបទឆបោក ៤- បទប្រមូលដោយចេតនាទុច្ចរិតនូវឯកសារអត្តសញ្ញាណ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ ៥- បទសម្អាតប្រាក់ក្នុងទម្រង់ពិសេស

បទល្មើសទាំងនេះ អាចនាំឱ្យជនល្មើសប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយជីវិត និងពិន័យជាប្រាក់រហូតដល់ ១,០០០ លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…