ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារជូនពរ និងប្រសិទ្ធពរដល់ជនរួមជាតិទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី២០២៦។
ព្រះរាជសារបានបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីសំខាន់បំផុតមួយ ដែលប្រារព្ធនៅខែមេសារៀងរាល់ឆ្នាំតាំងពីបុរាណ។ ក្រោយការប្រមូលផលស្រូវ ប្រជារាស្ត្របានសម្រាកពីការងារ មកជួបជុំគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយដែលបុព្វបុរសបានបន្សល់ទុក។
ព្រះរាជសារបានលើកឡើងថា ពិធីបុណ្យនេះមានអត្ថន័យធំធេង ក្នុងការអបអរឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ព្រមទាំងបង្កើនភាពជិតស្និទ្ធរវាងសមាជិកគ្រួសារ អ្នកភូមិ និងសហគមន៍ តាមរយៈការជូនពរគ្នាឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យ។ ពិធីបុណ្យក៏បង្ហាញអត្តសញ្ញាណ និងអរិយធម៌ខ្មែរ បណ្ដុះស្មារតីសាមគ្គី និងថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិឱ្យគង់វង្ស។
ដោយ៖ ង៉ែត ពិសាន្ត








