នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្វាគមន៍នាវា Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ មកពីកងនាវាប៉ាស៊ីហ្វិករុស្ស៊ី ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមសេចក្ដីរាយការណ៍ នាវាទាំងពីរមកបំពេញទស្សនកិច្ចបីថ្ងៃ ជាមួយនាវិកប្រមាណ២៦២នាក់។
លោក ទៀ សីហា បានលើកឡើងថា ទស្សនកិច្ចកងទ័ពជើងទឹករុស្ស៊ីនេះនឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិដែលប្រទេសទាំងពីរតែងប្រកាន់យក។ លោកបានបង្ហាញក្ដីរំពឹងថា៖ «រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត»។
ដោយ៖ ង៉ែត ពិសាន្ត

































