ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ អគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាព និងជំរុញវិស័យសេដ្ឋកិច្ចរវាងភាគីទាំងពីរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ភាគីទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែលជាប្រយោជន៍ដល់ការអភិវឌ្ឍខេត្តនិងសហការណ៍ផ្តល់ព័ត៌ចូលរួមបង្ក្រាបស្គេមអនឡាញនិងផ្តល់កាមេរ៉ាសុវត្ថិភាពចំនួន១០០គ្រឿងដល់រដ្ឋបាលខេត្តដើម្បីជួយសម្រួលដល់សន្តិសុខសុវត្ថិភាពតាមដងផ្លូវសាធារណៈផងដែរ ។
• ការបង្កើនកិច្ចសហប្រតិបត្តិការ ការបន្តពង្រឹងទំនាក់ទំនង "មិត្តភាពដែកថែប" រវាងកម្ពុជា និងចិន ជាពិសេសការផ្សារភ្ជាប់រវាងរដ្ឋបាលខេត្តព្រះសីហនុ ជាមួយបណ្តាខេត្ត និងក្រុងនានារបស់ប្រទេសចិន។
• ការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ពិភាក្សាអំពីឱកាសវិនិយោគថ្មីៗក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការទាក់ទាញអ្នកវិនិយោគចិនបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
• សន្តិសុខ និងសុវត្ថិភាពទេសចរ ការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរចិនដែលមកកម្សាន្ត និងស្នាក់នៅក្នុងខេត្ត ដើម្បីបង្កើនទំនុកចិត្ត និងការរីកចម្រើននៃវិស័យទេសចរណ៍។
នាឱកាសនោះ លោក សាមុត សុធារិទ្ធ បានលើកឡើងថា ខេត្តព្រះសីហនុ តែងតែស្វាគមន៍ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះរាល់គម្រោងវិនិយោគដែលស្របតាមច្បាប់ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់។
ជាការឆ្លើយតប លោកអគ្គកុងស៊ុលចិន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលខេត្តព្រះសីហនុ ដែលតែងតែសម្របសម្រួល និងគាំទ្រដល់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មរបស់ជនជាតិចិនក្នុងខេត្ត។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញអ្នកវិនិយោគដែលមានគុណភាពបន្ថែមទៀត៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត













