ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភូមិកោះតូចរៀបចំបុណ្យកម្សាន្តនៅថ្ងៃទី៧ មេសា ដើម្បីត្រៀមទទួលចូលឆ្នាំខ្មែរ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលក្រុងកោះរ៉ុងបានរៀបចំបុណ្យកម្សាន្តភូមិកោះតូច សង្កាត់កោះរ៉ុង។ ថ្នាក់ដឹកនាំបានសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដាំផ្ញើអំពីសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យមុនទទួលភ្ញៀវចូលឆ្នាំ។

តាមការរាយការណ៍ រដ្ឋបាលក្រុងកោះរ៉ុងរៀបចំពិធីបុណ្យកំសាន្តភូមិកោះតូចនាពេលនេះ មិនត្រឹមតែជាការចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាណបង្ហាញពីភាពរីកចម្រើន និងភាពសុខសាន្តនៃវិស័យទេសចរណ៍នៅលើដែនកោះនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុងបានលើកឡើងថា ការរៀបចំពិធីបុណ្យកំសាន្តភូមិកោះតូច គឺដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីលោក គិត ច័ន្ទគ្រឹស្នា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង និងមានការអមដំណើរដោយ លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។

ការសំណេះសំណាលរបស់ ថ្នាក់ដឹកនាំបានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីត្រេកអរចំពោះការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

នាឱកាសនោះ ប្រធានក្រុមការងារ និងលោកអភិបាលក្រុង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ដើម្បីធ្វើឲ្យការកម្សាន្តនៅតំបន់កោះរ៉ុង កាន់តែមានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់គ្រប់មជ្ឈដ្ឋាននៅលើដែនកោះដែលពោពេញដោយសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្ត៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…