នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅទីក្រុងប៉ារីស។ ជំនួបនេះស្ថិតក្នុងអំឡុងទស្សនកិច្ចនៅបារាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មេសា ដើម្បីចូលរួមកិច្ចប្រជុំកំពូល One Health នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ។
តាមសេចក្ដីរាយការណ៍របស់ភាគីកម្ពុជា លោកប្រធានាធិបតីបានបង្ហាញសេចក្ដីរីករាយដែលបានជួបសម្ដេចធិបតី និងគណៈប្រតិភូម្ដងទៀត និងអរគុណចំពោះការចូលរួមកិច្ចប្រជុំ One Health នៅលីយ៉ុង និងការមកប៉ារីស។ លោកបានបញ្ជាក់មិត្តភាពជាមួយប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរចក្ខុវិស័យនៃការដឹកនាំរបស់សម្ដេចធិបតី។ លោកក៏បានបង្ហាញការរំពឹងចំពោះទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាគ្រោងធ្វើនៅភ្នំពេញនាចុងឆ្នាំ២០២៦។
សម្ដេចធិបតីបានអបអរសាទរបារាំងចំពោះការរៀបចំកិច្ចប្រជុំ One Health និងសង្កត់ធ្ងន់លើទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែងរវាងប្រទេសទាំងពីរ។ សម្ដេចបានអរគុណចំពោះការរួមចំណែករបស់បារាំងក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីរបស់លោកប្រធានាធិបតីនាពេលខាងមុខ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ភាគីទាំងពីរពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ មេដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ និងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ការពារជាតិ និងសន្តិសុខ វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល អប់រំ និងទេសចរណ៍។
សម្ដេចធិបតីក៏បានជម្រាបលោកប្រធានាធិបតីអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ជំហរកម្ពុជាក្នុងការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ ដោយ៖ សុខ ស៊ីណាន







