នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអំណោយដែលបានមកពីការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ផ្តល់ជូនវីរកងទ័ពខ្មែរនៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក។
អំណោយទាំងនេះត្រូវបានប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ៤ សម្ព័ន្ធមេត្រីភាព ខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងសកម្មនៅតំបន់សមរភូមិមុខ។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយតាមរយៈរដ្ឋបាលខេត្ត និងនៅតែបន្តការគាំទ្រយ៉ាងសកម្ម ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពជាតិ ដោយលើកឡើងថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរជួយខ្មែរ» ជាវប្បធម៌ដ៏មានតម្លៃក្នុងការជួយគ្នានៅពេលមានអាសន្ន ខណៈដែលខឿនការពារជាតិរបស់ប្រជាជននឹងបន្តរឹងមាំ ដរាបណាការគំរាមកំហែងនៅតែមាន។ ដោយ៖ សុខ ស៊ីណាន










