ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មូលនិធិសភាពាណិជ្ជកម្មកម្ពុជានាំអំណោយឆ្នាំថ្មីជូនកងទ័ពនៅមូលដ្ឋានសមុទ្ររាម

KPS99TVសរសេរ:ប៉ៃ សុឃីមថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

នៅថ្ងៃទី៩ ខែមេសា អ្នកឧកញ៉ា ឡាវ កាង បានដឹកនាំក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា នាំអំណោយជូនកងទ័ពនិងគ្រួសារ និងពាំនាំការសួរសុខទុក្ខពីអ្នកឧកញ៉ា គិត ម៉េង។

នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលឈានចូលមកដល់នាពេលខាងមុខនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់ឱ្យអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព តាមរយៈឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម បងប្អូនវីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានឈរជើងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបន្ថែមថា មូលនិធិសភាពាណិជ្ជកម្មកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រកបដោយស្មារតីស្នេហាជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទទួលអំណោយគ្រប់ប្រភេទ ក្នុងការរួមកម្លាំងខ្មែរតែមួយ ដើម្បីជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដែលបាន និងកំពុងខិតខំតស៊ូការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។

អំណោយសប្បុរសធម៌ ដែលក្រុមការងារមូលនិធិសភាពាណិជ្ជកម្មកម្ពុជា នឹងយកចែកជូនវីរៈកងទ័ពនាពេលនេះ រួមមាន៖ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

ក្នុងឱកាសឆ្នាំថ្មី សូមប្រោសព្រំប្រសិទ្ធពរជ័យជូនឯកឧត្តម មេបញ្ជាការ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារ ដែលបានអញ្ជើញមកសំណេះសំណាល និងចែកអំណោយជូនគ្រួសារយោធិនបំពេញបេសកកម្មជួរមុខ តាមបណ្តោយបន្ទាត់ព្រំដែន។ វត្តមានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ក៏ដូចជាការលើកទឹកចិត្តដល់បងប្អូនយោធិន ព្រមទាំងក្រុមគ្រួសារយោធិន របស់មូលដ្ឋានសមុទ្ររាម។

អត្ថបទរាយការណ៍ថា បច្ចុប្បន្ននេះ សភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហាដែលស្ថិតក្នុងការតាមដានដោយយកចិត្តទុកដាក់ ពីការគម្រាមកំហែង និងឈ្លានពានដោយយោធាថៃ។ ទោះយ៉ាងណាក៏ដោយ យោធិនកម្ពុជាបានគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដីគ្រប់កាលៈទេសៈ ដោយសេចក្តីថ្លៃថ្នូរបំផុត។

ជាមួយគ្នានេះផងដែរ ក្នុងពេលដែលប្រទេសជាតិកំពុងជួបទុក្ខលំបាក សង្កេតឃើញថា មានសប្បុរសជនជាច្រើន បានចូលរួមយ៉ាងសកម្ម ដោយស្មារតីសាមគ្គីជាតិ ក្នុងការជួយជ្រោមជ្រែងឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋខ្វះខាត។ ជាក់ស្តែង នៅថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា បាននាំយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព នៅមូលដ្ឋានសមុទ្ររាមផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…