ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វគ្គឆ្មាំអាងទឹកនិងឆ្នេរកម្រិត១ពង្រឹងជំនាញសុវត្ថិភាពទឹកនៅព្រះសីហនុ

KPS99TVថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

មន្ទីរទេសចរណ៍ខេត្ត និងសាលាហែលទឹកមើម៉េធបានរៀបចំវគ្គ៤ថ្ងៃ ពីថ្ងៃទី៧–១០ ខែមេសា សម្រាប់សិក្ខាកាម៣០នាក់ ដោយបញ្ចូលទ្រឹស្តីនិងការអនុវត្តសង្គ្រោះ។

ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តនិងសាលាបង្រៀនហែលទឹកមើម៉េធ បានសហការគ្នាបើកវគ្គបណ្តុះបណ្តាល ស្តីពី«ការហ្វឹកហ្វឺនឆ្មាំអាងទឹក និងឆ្មាំឆ្នេរកម្រិត១» ដល់សិក្ខាកាមចំនួន៣០នាក់មកពីអូរតែល និងសណ្ឋាគារផ្សេងៗ។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពោលគឺពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១០ ខែមេសា។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ពង្រឹងទៅលើអនាម័យ សុវត្ថិភាព ស្តង់ដារទេសចរណ៍ផ្សេងៗ ការពង្រឹងនិងគ្រប់គ្រងឆ្មាំតាមតំបន់ឆ្នេរឱ្យមានសមត្ថភាពបន្ថែម មន្ទីរទេសចរណ៍ខេត្តធ្លាប់បើកវគ្គបណ្តុះបណ្តាលនេះជារៀងរាល់ឆ្នាំ។ ចំណែក វគ្គបណ្តុះបណ្តាលនាពេលនេះ បានពង្រឹងសមត្ថភាពសិក្ខាកាមដែលជាឆ្មាំរបស់រមណីយដ្ឋាន និងវិស័យឯកជននានាចំនួន៣០នាក់បន្ថែមទៀត។

ចំណែក គ្រូបង្គោល ឆ្មាំអាងទឹក លោក លី សៀងម៉ៃ មើលឃើញថា ការបណ្តុះបណ្តាលទាក់ទងនឹង«ការហ្វឹកហ្វឺនឆ្មាំអាងទឹកនិងឆ្មាំឆ្នេរកម្រិត១» ទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងនេះ សិក្ខាកាមមានការយកចិត្តទុកដាក់ច្រើនមានទាំងវិស័យឯកជន អូរតែល សណ្ឋាគារផ្សេងៗ និងឆ្មាំឆ្នេរជាដើម។ ទន្ទឹមគ្នានេះ ចំណេះជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលមួយនេះ នឹងអាចយកទៅប្រើការបាននាពេលខាងមុខ។

លោក លី សៀងម៉ៃ មានការជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះជំនាញដែលបានរៀនពីវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ ដើម្បីជួយសម្រុះសម្រួល ថែរក្សាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

លោកគ្រូបង្គោលរូបនេះ បានស្នើឱ្យសិក្ខាកាមទាំងអស់យកមេរៀននិងទ្រឹស្តីទៅអនុវត្តខ្លួនឯងបន្ថែម ដើម្បីប្រាកដថាយើងទៅសង្គ្រោះគេមានសមត្ថភាពពិតឬយ៉ាងណា? សម្រាប់សង្រ្គោះជនរងគ្រោះដែលមានបញ្ហា។ ម៉្យាងវិញទៀត លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅដែលអញ្ជើញមកលេងខេត្តព្រះសីហនុ មិនថាលេងនៅតាមតំបន់ឆ្នេរឬអាងទឹកនៅតាមសណ្ឋាគារផ្សេងៗនោះទេ ត្រូវបង្កើននូវការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយលោកសង្កត់ធ្ងន់ថា ទោះបីឆ្មាំពួកយើងខ្លាំងនិងពូកែយ៉ាងក៏ដោយ ប្រសិនបើបងប្អូនទាំងអស់គ្នាមានការធ្វេសប្រហែសខ្លាំងពេក ក៏ពួកគាត់ពិបាកក្នុងការជួយសង្គ្រោះទាន់ពេលដែរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពី«ការហ្វឹកហ្វឺនឆ្មាំអាងទឹក និងឆ្មាំឆ្នេរកម្រិត១» មានបង្រៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងអាងទឹក និងនៅឆ្នេរសមុទ្រ។ ក្នុងនោះក៏មានមេរៀនសំខាន់ៗជាច្រើន ដូចជា៖ ១. ការវាយតម្លៃហានិភ័យ និងការគ្រប់គ្រងសុវត្ថិភាពឆ្នេរ ២. បច្ចេកទេសសង្គ្រោះកម្រិតខ្ពស់ក្នុងទឹក ៣. បច្ចេកទេសសង្គ្រោះជាក្រុម និងការគ្រប់គ្រងស្ថានភាព ៤. ការបណ្តុះបណ្តាលការសង្គ្រោះបឋម CPR កម្រិតជំនាញ ៥. ការប្រើប្រាស់ឧបករណ៍ជួយសង្គ្រោះ ៦. ការប្រើប្រាស់ទូក និងបច្ចេកទេសកំណត់ទិសដៅឆ្វេង ស្តាំ ត្រឡប់ពីការក្រឡាប់ ៧. ការទំនាក់ទំនងនៅពេលជួបគ្រោះអាសន្ន ៨. បច្ចេកទេសក្នុងការទំនាក់ទំនង ៩. ផែនការសកម្មភាពសង្គ្រោះបន្ទាន់ ១០. ការពិចារណផ្នែកច្បាប់ និងប្បញ្ញត្តិក្នុងការប៉ះពាល់ជនរងគ្រោះកំឡុងពេលជួយសង្គ្រោះ និង១១. សុវត្ថិភាពផ្ទាល់ខ្លួន និងវិជ្ជាជីវៈឆ្មាំឆ្នេរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…