ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម វង្ស ពិសេន សួរសុខទុក្ខកងទ័ពយោធភូមិភាគទី៣មុនចូលឆ្នាំថ្មី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី១០ ខែមេសា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានសួរសុខទុក្ខកងទ័ព ពាំនាំសារពីថ្នាក់ដឹកនាំជូនកងទ័ពនិងគ្រួសារ និងលើកទឹកចិត្តឱ្យពង្រឹងសាមគ្គីភាពនិងការហ្វឹកហាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅទិសយោធភូមិភាគទី៣ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ដែលធ្វើឱ្យកងទ័ពមានអារម្មណ៍កក់ក្តៅ និងមានទឹកចិត្តមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ព្រោះថា “សុខទុក្ខរបស់កងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ”។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ផ្ញើជូនកងទ័ព និងក្រុមគ្រួសារកងទ័ព។ ឯកឧត្តមបានកោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់ និងភាពអត់ធ្មត់របស់កងទ័ព ដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាច ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមអគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងយ៉ាងស្វាហាប់។ នេះគឺជា “គំរូវីរភាពដ៏ថ្លៃថ្លា” ដែលកើតចេញពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីប្រជាជន។

ឯកឧត្តមបានលើកទឹកចិត្តឱ្យកងទ័ពបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត ព្រមទាំងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់កងទ័ពទាំងអស់ សូមមានសុខភាពមាំមួន ស្មារតីវៀងវៃ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…