នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាអំពីការសិក្សាទំហំ និងប្រភេទសំណល់អេឡិចត្រូនិកក្នុងស្រុក ដែលអាចជាធាតុចូលផលិតកម្មសម្រាប់កែច្នៃទៅជាវត្ថុធាតុមានតម្លៃ ដូចជា ស័ង្កសី ស្ពាន់ អង់ទីម៉ូនី កាដ្យូម មាស ប្រាក់ និងប្លាទីន។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំនេះ។
ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការសិក្សាស៊ីជម្រៅលើសំណល់អេឡិចត្រូនិក និងបរិក្ខារអគ្គិសនីក្នុងស្រុក ដើម្បីរៀបចំផែនការប្រមូល និងគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងក្រមបរិស្ថាន។ ទិន្នន័យទាំងនេះមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគលើការកែច្នៃសំណល់ទាំងនេះក្នុងស្រុក។
ឯកឧត្តមក៏បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសហការយ៉ាងជិតស្និទ្ធ ដើម្បីសិក្សាទិន្នន័យឱ្យស៊ីជម្រៅសម្រាប់ការវិភាគ និងព្យាករណ៍ ជួយដល់ការសម្រេចចិត្តរបស់ស្ថាប័ន និងអ្នកវិនិយោគឱ្យមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្តបានបង្ហាញការគាំទ្រចំពោះការកែច្នៃសំណល់អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ឡើងវិញ។ លោកក៏បានលើកឡើងពីការកំណត់តំបន់ក្នុងផែនការមេអភិវឌ្ឍខេត្ត និងតម្រូវការគម្រោងកែច្នៃសំណល់អេឡិចត្រូនិក និងសំណល់ឧស្សាហកម្ម ដើម្បីឆ្លើយតបនឹងកំណើននៃការប្រើប្រាស់បរិក្ខារអគ្គិសនី និងឧបករណ៍ទំនើប។
អង្គប្រជុំបានគាំទ្រ និងឯកភាពលើការប្រមូលទិន្នន័យ និងការសិក្សាស៊ីជម្រៅអំពីសំណល់អេឡិចត្រូនិក និងបរិក្ខារអគ្គិសនីក្នុងស្រុក ព្រមទាំងត្រៀមចូលរួមអនុវត្តការសិក្សានេះ។ ដោយ៖ ប៉ៃ សុឃីម















