នាឱកាសសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ជិតឈានចូលមកដល់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងសហការី បានតាំងចិត្តបួងសួង ដល់បារមីស័ក្តិសិទ្ធិរបស់ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ សូមជួយបីបាច់ថែរក្សាកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងស្មារតីវៃឆ្លាត ដើម្បីការពារឃុំគ្រងទឹកដីខ្មែរ ឱ្យបានគង់វង្សជារៀងរហូត ជៀសផុតពីការរំលោភបំពានពីសំណាក់សត្រូវថៃ ដែលស្រេកឃ្លានទឹកដី។
ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ តាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្តមួយចំនួនទៀត។
តាមការរៀបរាប់ក្នុងប្រពៃណី និងក្នុងបរិយាកាសដ៏ស័ក្តិសិទ្ធិ ថ្នាក់ដឹកនាំខេត្ត និងអង្គពិធីទាំងមូល បានសម្តែងនូវគារវភក្តីភាពយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឧត្តុង្គឧត្តម របស់ទេពឧកញ៉ា ឃ្លាំង មឿង ដែលជាមេទ័ពដ៏ស្មោះត្រង់ និងមានមហិទ្ធិឫទ្ធិខ្លាំងក្លា ក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា។
តាមរឿងព្រេង ទេពឧកញ៉ា និងជំទាវ គឺជានិមិត្តរូបនៃការពលិកម្មដ៏ខ្ពង់ខ្ពស់ ដោយបានសម្រេចចិត្តលោតចូលរណ្តៅកម្ចាត់សត្រូវ ដើម្បីកេណ្ឌទ័ពខ្មោចទៅជួយច្បាំងយកជ័យជម្នះ បណ្តេញសត្រូវសៀម ដែលឈ្លានពានទឹកដីខ្មែរ នាពេលនោះ។
សូមបារមីទេពឧកញ៉ា ជួយរុញច្រាន និងប្រទានពរជ័យ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការដោះស្រាយទំនាស់ព្រំដែន កម្ពុជា-ថៃ ដោយប្តូរពីការប្រើប្រាស់អាវុធ មកជាការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងសន្តិវិធី ដើម្បីសន្តិភាពយូរអង្វែង។ ជាមួយគ្នានោះ សូមឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់តាមរដូវកាល ដើម្បីឱ្យប្រជានុរាស្ត្របង្កបង្កើនផលបានផល្លានុផលខ្ពស់ សម្បូរបែប និងជៀសផុតពីជំងឺដង្កាត់ទាំងឡាយទាំងពួង។
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក៏បានឧទ្ទិសបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តី ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល សូមឱ្យធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះ បានប្រកបដោយសុវត្ថិភាព និងរីករាយក្នុងរង្វង់គ្រួសារ ក្រោមម្លប់នៃសន្តិភាព៕ ដោយ៖ ប៉ៃ សុឃីម
















