សង្ក្រាន្តកោះរ៉ុង នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពោលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ២០២៦ នៅឆ្នេរឡងសឹត ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញបើកសង្ក្រាន្តកោះរ៉ុង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ព្រឹត្តិការណ៍នាពេលនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជនទាំងភ្ញៀវជាតិ និងអន្តរជាតិមក ទស្សនា និងសម្រាកកម្សាន្តនៅក្រុងកោះរ៉ុង ឱ្យបានកាន់តែច្រើនកុះករទាំងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យជាតិនានា ព្រមទាំងថ្ងៃឈប់សម្រាកផេ្សងៗ ដើម្បីលើកកម្ពស់ការ បញ្ជ្រាបការយល់ដឹងអំពីប្រពៃណី និងទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក ព្រម ទាំងសក្តានុពលដ៏សម្បួរបែបរបស់ក្រុងកោះរ៉ុង។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី គឺជាបុណ្យដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យទាំងអស់របស់ប្រជាជនខ្មែរ ដែលគេតែងប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ឬ១៤ ១៥ និង១៦ ខែមេសា ។ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាការចាប់ផ្តើមនៃឆ្នាំថ្មី ដូច្នេះប្រជាជនខ្មែរតែងតែប្រារព្ធពិធីនេះឡើង ដើម្បីអបអរ សាទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងជូនពរដល់គ្នាទៅវិញទៅមកឱ្យមានសុខ ភាពល្អ សិរីសួស្តី បវរមហាប្រសើរ ជោគជ័យ និងសុភមង្គលក្នុងជីវិត។ ពិធីបុណ្យ ចូលឆ្នាំថ្មីត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ថ្ងៃទី១ «ថ្ងៃមហាសង្ក្រាន្ត» ថ្ងៃទី២ «ថ្ងៃវារៈវ័នបត» និងថ្ងៃទី៣ «ថ្ងៃឡើងស័ក»។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រជាជនខ្មែរនិយមរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មី យកចង្ហាន់ទៅប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃបង្សុកូល ឧទិ្ទសកុសលជូនបុព្វការីជន ជួបជុំក្រុមគ្រួសារ កូនចៅ ការជូនសម្លៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ព្រមទាំងការសម្តែងសិល្បៈ ការសម្តែងរបាំត្រុដិ ការរាំកម្សាន្តជាដើម។ ជាមួយគ្នានេះ ប្រជាជនខ្មែរនិយម លេងល្បែងប្រជាប្រិយជា ច្រើនមានដូចជា ល្បែងសេ្តចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គុញ ទាញព្រ័ត្រ រាវបង្កង បាយខុំ និងចត្រង្គជាដើម។ល។ ការលេងល្បែងប្រជា ប្រិយទាំងនេះ គឺមាន ប្រយោជន៍ដល់រាងកាយ ផ្លូវចិត្ត ការហាត់ប្រាណ ហាត់ភ្នែក ជើង ដៃឱ្យរាងកាយមានសុខភាពល្អ កម្លាំងពលំនឹងជាការហាត់ ចិត្តគំនិត ប្រាជ្ញាស្មារតីឱ្យមានគំនិតវាងវៃ ស្មារតី មោះមុត។ ម្យ៉ាងទៀតល្បែងទាំងនេះ ជាអារ្យធម៌ចាស់របស់ខ្មែរសុទ្ធសាធ ដោយហេតុថា ប្រទេសកម្ពុជា មានអាយុកាលដ៏ចំណាស់មួយនៅអាស៊ីភាគអាគ្នេយ៍បានបង្កើតនូវល្បែងប្រជាប្រិយជាច្រើន ។
អភិបាលខេត្ត បញ្ជាក់បន្ថែមថា ក្រុងកោះរ៉ុង គឺជាក្រុងសហគមន៍ប្រជាជាតិចម្រុះ កំពុងទទួលបានការអភិវឌ្ឍយ៉ាងឆាប់រ ហ័សលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ។ ជាគ្នាមួយនេះ ក្រុងកោះរ៉ុងសម្បូរដោយជីវៈចម្រុះ ភាពល្អប្រណីត នៃបរិស្ថាន ធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ទឹកសមុទ្រខៀវស្រងាត់ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម មច្ឆាសមុទ្រ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ជម្រាលភ្នំ ទឹកជ្រោះ និងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពល និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាគោលដៅ ទេសចរណ៍ឆ្នេរសមុទ្រ និងកោះប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ រាប់លាននាក់មកសម្រាកកម្សាន្តក្នុងមួយឆ្នាំៗ។
អភិបាលខេត្តរូបនេះ សង្ឃឹមថា បងប្អូននឹងទទួលបានសេចក្តីស្រឡាញ់ ស្នាមញញឹម សុវត្ថិភាព និងភាពកក់ក្តៅពោរពេញដោយអនុស្សាវ រីយ៍ល្អៗ មិនអាចបំភ្លេចបាន ជាពិសេសចូលរួមលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួន ឯង និងពង្រឹងភាពម្ចាស់ ការខ្លួនឯង ដើម្បីធានាដល់ការការពារ កសាងប្រទេសជាតិ មាតិភូមិរបស់យើង។
លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង លើកឡើងថា សង្ក្រាន្តកោះរ៉ុងនិងសង្ក្រាន្តនៅវត្តព្រែកស្វាយ ចាប់បើកថ្ងៃចូលឆ្នាំរហូតបញ្ចប់ចូលឆ្នាំ មានលេងល្បែងប្រជាប្រិយ៍ជាច្រើន ប្រភេទមានដូចជា ញាំប៉ិគក់ វាយក្អម រត់បាវ មានវេចអន្សម នំក្រឡានជាដើម ។ អភិបាលក្រុង អំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តសង្ក្រាន្តកោះរ៉ុងទាំងអស់គ្នា។ ចំពោះបន្ទប់ស្នាក់នៅលើកោះត្រូវបានភ្ញៀវកក់ពេញអស់ហើយ ទន្ទឹមនឹងនោះ ការងារសន្តិសុខ សុវត្ថិភាព នៅលើកោះល្អ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត



















