ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សង្ក្រាន្តឆ្នេរអូរត្រេះ៖ លោក ឡុង ឌីម៉ង់ លើកឡើងពីការចូលរួមដ៏ច្រើនរបស់ភ្ញៀវទេសចរ

KPS99TVថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

សង្ក្រាន្តឆ្នេរអូរត្រេះនៅថ្ងៃទី១១–១២ ខែមេសា មានភ្ញៀវចូលរួមច្រើន។ លោក ឡុង ឌីម៉ង់ ថាការចូលរួមលើសការរំពឹងទុក និងអំពាវនាវឱ្យរក្សាអនាម័យ និងតម្លៃសេវាសមរម្យត្រៀមទទួលភ្ញៀវចូលឆ្នាំ។

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តយ៉ាងច្រើនលើសលប់នៅសង្ក្រាន្តឆ្នាំថ្មី ២០២៦ នៅឆ្នេរអូរត្រេះ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រះសីហនុ បានកត់សម្គាល់ឃើញថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសទេសចរជាតិសឹងតែលើសពី៥០ភាគរយមិនមែនជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ពោលគឺសុទ្ធតែជាអ្នកមកពីរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗ។

បន្ថែមពីនេះ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៦នេះ ដើម្បីបង្កើនសប្បាយភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ក្នុងនោះមានទាំងការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដូចជា វាយក្អម ឡើងសសរខ្លាញ់ ទាញព្រ័ត្រ...ជាដើម ហើយក៏មានការចូលរួមលើសពីការរំពឹងទុក ពោលគឺមានការចូលរួមច្រើនណាស់។ ក្នុងនោះ លោកប្រធាន ស.ស.យ.ក ខេត្តព្រះសីហនុ មើលឃើញថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះ លោកសង្កត់ធ្ងន់ថា៖ «យើងបានហាមឃាត់មិនឱ្យមានការលេងប៉ាតម៉្យៅ និងមិនឱ្យមានការជះទឹក បាញ់ទឹកដាក់គ្នា ហើយការចូលរួមមានលក្ខណៈល្អប្រសើរច្រើន ទោះបីជាមានការលេងប៉ាតម៉្យៅតិចតួចក្តី ប៉ុន្តែស្ថិតនៅក្នុងក្រមសីលធម៌ល្អ»។

លោក ឡុង ឌីម៉ង់ សង្ឃឹមថា ថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ ខេត្តព្រះសីហនុ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរជាច្រើន។ ដូច្នេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមសម្អាតអនាម័យនៅតាមទីតាំងផ្សេងៗ និងផ្ទះសម្បែងត្រៀមទទួលភ្ញៀវទេសចរ។ មិនតែប៉ុណ្ណោះ លោកប្រធានរូបនេះ ក៏ស្នើឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីវករផ្សេងៗទៀតសូមឱ្យរក្សាតម្លៃ និងភាពថ្លៃថ្នូរកុំតម្លើងថ្លៃរើសហេតុ។ ចំណុចសំខាន់មួយទៀត លោក ឡុង ឌីម៉ង់ បានស្នើប្រជាពលរដ្ឋ និងភ្ញៀវទេសចរអញ្ជើញមកលេងកម្សាន្ត សប្បាយដោយរីករាយ ដោយអាជ្ញាធរខេត្ត-ក្រុងបានរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនភ្ញៀវទេសចរយ៉ាងម៉ឺងម៉ាត់ផងដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…