កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត។ ចំណែកកាណាដាបានបង្ហាញការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ការបង្ហាញពីការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ធ្វើឡើងក្នុងជំនួបការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ពីការប្ដេជ្ញារបស់កាណាដាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌតំបន់ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះកម្ពុជាដែលគាំទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាណាដា-អាស៊ាន និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលលោករំពឹងថានឹងបញ្ចប់ការចរចា និងចុះហត្ថលេខានាពេលខាងមុខ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់ណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅកាណាដា ដើម្បីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបញ្ជាក់ពីការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ក្រៅពីនេះ សម្ដេចធិបតី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ដោយ៖ ង៉ែត ពិសាន្ត













