រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គិតត្រឹមសប្តាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះ បានប្រមាណ ៣ លានដើម

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន យុទ្ធនាការ «ពន្លកបៃតង» ត្រូវបានដាក់ឲ្យអនុវត្តជាមួយការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការចែកកូនឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថានបាន និងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២,៩៧៧,៣៥៩ ដើម ក្នុងនោះមានកូនត្នោតជាង ១ លានដើម នៅតាមថ្នាលតំបន់ចំនួន ៥ កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង ព្រមទាំងតាមមន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងស្តារព្រៃសហគមន៍។

នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦ នេះ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើ សម្រាប់ចែកជូនសាធារណជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃបង្កើនគម្របបៃតងនៅកម្ពុជា សរុបចំនួន ៣១១,៥៣៩ ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥,០០០ ដើម ត្រូវបានបណ្តុះនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត រួមមាន ខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគិរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។

នៅឆ្នាំ ២០២៤ ក្រសួងបរិស្ថានបានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន ១.៣ លានដើម។ ដោយឡែកនៅឆ្នាំ ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្តុះ និងចែកកូនឈើជាង ៣.៤ លានដើមរួចជាស្រេច។ នៅឆ្នាំ ២០២៦ នេះ យុទ្ធនាការ «ពន្លកបៃតង» គ្រោងចែកកូនឈើចំនួន ៥ លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅរដូវវស្សាខាងមុខ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…