អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ បានឱ្យដឹងថា គិតមកដល់ពេលនេះ លោកបានវិនិយោគប្រមាណ៤លានដុល្លារលើរោងចក្រផលិតជីកសិកម្មមួយ ដែលមានផ្ទៃដីប្រមាណ១៥ហិកតា នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រោងចក្រនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីសាកល្បងផ្គត់ផ្គង់ និងចែកចាយផលិតផលជីកសិកម្មរយៈពេល៦ខែ។
ក្នុងអំឡុងពេលសាកល្បង រោងចក្របានផ្គត់ផ្គង់ជី៣ប្រភេទ ដែលប្រើវត្ថុធាតុដើមក្នុងស្រុក រួមមានជីធម្មជាតិសរីរាង្គ ជីលាមកជន្លេន និងជីទឹក។ លោកបញ្ជាក់ថា រោងចក្រមានសមត្ថភាពផលិតជីធម្មជាតិសរីរាង្គ២៥០តោនក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតជីគីមីអាចដល់៦០០តោនក្នុងមួយថ្ងៃ។
អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា រោងចក្រមានលទ្ធភាពបង្កើនផលិតកម្មជីធម្មជាតិសរីរាង្គដល់១,០០០តោនក្នុងមួយថ្ងៃ អាស្រ័យលើតម្រូវការជាក់ស្តែង។
ក្រៅពីរោងចក្រជីសរីរាង្គ ក្រុមហ៊ុនវីរៈប៊ុនថាំក៏កំពុងសាងសង់រោងចក្រផលិតចំណីអាហារមួយ នៅតាមបណ្ដោយផ្លូវលេខ៥១ ចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដោយ៖ ប៉ៃ សុឃីម








