នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាការងារ ក្នុងគោលបំណងដើម្បីទទួលស្តាប់អំពីផែនការអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់សហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ព្រមទាំងតាមដានលទ្ធផលការងារ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញឱ្យសហព័ន្ធអាចអនុវត្តការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
នាឱកាសនោះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយករងតំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ តំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីប្រធាន និងសមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាជាច្រើនរូបផងដែរ។ ដោយ៖ ប៉ៃ សុឃីម


















