ទីតាំងភោជនីយដ្ឋាន១កន្លែងនៅទីក្រុងភ្នំពេញ សង្ស័យមានបង្កប់សេវាកម្មខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញឆ្មក់ចូលបង្ក្រាបដោយឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ កាលពីម៉ោង១០យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ភោជនីយដ្ឋានដែលកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឆ្មក់ចូលបង្ក្រាបនោះមានឈ្មោះ «ឬស្សីស្រស់» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍បង្ក្រាបនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះយ៉ាងខ្លាំង ខណៈមន្ត្រីសមត្ថកិច្ចអះអាងថា ទីតាំងនោះសង្ស័យមានបង្កប់សេវាកម្មខុសច្បាប់ ហើយកម្លាំងជំនាញបានឃាត់ម្ចាស់ទីតាំង និងបុគ្គលិកនារីៗ រួមទាំងអ្នកពាក់ព័ន្ធបម្រើការក្នុងហាងបូករួមទាំងសម្ភារៈមួយចំនួនធំយកទៅសួរនាំជាបណ្តោះអាសន្ន។ សមត្ថកិច្ចបានបញ្ជូនមនុស្សប្រុសស្រីទាំងនោះទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរនិងបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត











