រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលរាជធានីភ្នំពេញ ជំរុញកម្លាំងអនុវត្តច្បាប់បន្តពង្រឹងប្រសិទ្ធភាពការងារ ពិសេសបង្ក្រាបឆបោកអនឡាញឱ្យកាន់តែមានប្រសិទ្ធិភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីរាជការ និងកងកម្លាំងទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រង បន្តខិតខំប្រឹងប្រែងពង្រឹងការអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍របស់រាជធានី។

ការណែនាំនេះត្រូវបានលើកឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រី និងកងកម្លាំងទាំងអស់ ក្នុងការអនុវត្តតួនាទីស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានលើកឡើងថា ការអនុវត្តការងារក្នុងអំឡុងពេលព្រឹត្តិការណ៍ «នគរសង្ក្រាន្តឆ្នាំថ្មី» ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ កន្លងមក បានបង្ហាញពីសមត្ថភាព និងការសហការល្អរវាងកងកម្លាំងពាក់ព័ន្ធ ទាំងក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្កើតបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងការអនុវត្តការងារអនាម័យបរិស្ថាន។

ជាមួយគ្នានេះដែរ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក៏ទទួលបានលទ្ធផលវិជ្ជមាន និងការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ។ ទោះជាយ៉ាងណា ឯកឧត្តមអភិបាលរាជធានី បានអំពាវនាវឱ្យមន្ត្រី និងកងកម្លាំងទាំងអស់ បន្តពង្រឹងស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាសាធារណៈដែលមានគុណភាពខ្ពស់ជូនប្រជាពលរដ្ឋ។ ដោយ៖ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…