ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះអត្ថបទមួយរបស់កាសែត The Wall Street Journal (WSJ) ដែលពាក់ព័ន្ធនឹងឈ្មោះប្រទេសកម្ពុជា។ ក្រសួងបានចាត់ទុកពាក្យដែលបានប្រើថាមានន័យបង្អាប់ ខ្វះវិជ្ជាជីវៈ និងប៉ះពាល់ដល់កិត្តិយសជាតិ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ WSJ បានចុះផ្សាយលិខិតឆ្លើយតបនៅផ្នែកទស្សនៈ ដោយលើកយកខ្លឹមសារពីលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ដែលបានផ្ញើទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់កាសែតនេះ។ លោករដ្ឋមន្ត្រីបានផ្ញើលិខិតក្រោយមានអត្ថបទប្រើពាក្យដែលលោកចាត់ទុកថាអាចបង្កការយល់ច្រឡំ និងបង្អាប់កម្ពុជា។
ក្នុងលិខិតតវ៉ាដើមនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ទោះពាក្យនោះត្រូវបានដាក់ក្នុងសញ្ញាអញ្ញប្រកាស និងមានការពន្យល់ក៏ដោយ ក៏នៅតែមានន័យបង្អាប់ ហើយអាចនាំឱ្យមានការយល់ខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនរបស់ខ្លួន។ កម្ពុជាបានសង្កត់ធ្ងន់ថា សារព័ត៌មានអន្តរជាតិគួរគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជៀសវាងភាសាដែលអាចបង្កការរើសអើង ឬប៉ះពាល់ដល់កិត្តិយសជាតិ។
កម្ពុជាបានចាត់ទុកការចុះផ្សាយលិខិតឆ្លើយតបនេះថា បានផ្ដល់ឱកាសឱ្យអ្នកអានអន្តរជាតិយល់ពីជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទោះយ៉ាងណា ក្រសួងព័ត៌មាននៅតែទាមទារឱ្យដកពាក្យដែលខ្លួនចាត់ទុកថាបង្អាប់ និងបង្ខូចកិត្តិយសជាតិ ដោយយល់ថា ការភ្ជាប់ឈ្មោះប្រទេសនឹងអត្ថន័យអវិជ្ជមាន ជាការរំលោភសីលធម៌សារព័ត៌មាន និងមិនអាចទទួលយកបាន។
ក្រសួងព័ត៌មានបានបញ្ជាក់ថា នឹងបន្តតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារកិត្តិយស អធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៃសហគមន៍អន្តរជាតិ។
បន្ទាប់ពីអត្ថបទដើមចុះផ្សាយ ក្រសួងព័ត៌មានបានឆ្លើយតបភ្លាមៗ ដោយស្នើឱ្យកែតម្រូវអ្វីដែលខ្លួនចាត់ទុកថាជាកំហុសវិជ្ជាជីវៈ និងលើកឡើងពីកិច្ចខិតខំរបស់កម្ពុជាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន។ អ្នកនាំពាក្យក្រសួងក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការប្រើឈ្មោះប្រទេសក្នុងបរិបទអវិជ្ជមាន ដែលក្រសួងចាត់ទុកថាប៉ះពាល់ដល់អត្តសញ្ញាណ និងកិត្តិយសរបស់ប្រជាជាតិទាំងមូល។ ដោយ៖ ស៊ីណាន


រូបថតអេក្រង់នៃទំព័រលិខិតអ្នកអានក្នុងផ្នែកទស្សនៈរបស់ WSJ ដែលបង្ហាញកាលបរិច្ឆេទចុះផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តាមម៉ោងភាគខាងកើតសហរដ្ឋអាមេរិក។









