ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តប៉ៃលិនបដិសេធព័ត៌មានលើបណ្តាញសង្គមដែលចោទថាថៃឈ្លានពានចូលខេត្ត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សេចក្តីបដិសេធថ្ងៃទី២៧ ខែមេសា របស់រដ្ឋបាលខេត្តប៉ៃលិនចាត់ទុកការផ្សាយនោះថាជាព័ត៌មានមិនពិត និងអំពាវនាវកុំចែករំលែកបន្ត ខណៈអាជ្ញាធរបញ្ជាក់ពីការអនុវត្តភារកិច្ចរក្សាសន្តិសុខព្រំដែន។

បន្ទាប់ពីមានការផ្សាយព័ត៌មានបំភ្លៃខុសពីការពិត តាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង និងតាមបណ្តាញសង្គមផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះ គឺជាព័ត៌មានមិនពិតឡើយ ហើយរដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសបដិសេធចោលទាំងស្រុង។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តប៉ៃលិន សូមបញ្ជាក់ថា ព័ត៌មានខាងលើគឺជាព័ត៌មានក្លែងក្លាយ បំភាន់ និងគ្មានមូលដ្ឋានការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាកុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីចៀសវាងការយល់ច្រឡំ ហើយសូមទទួលយកព័ត៌មានពីប្រភពផ្លូវការប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ និងរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខតាមបន្ទាត់ព្រំដែនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…