ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រាប់ភាគីថៃថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានឆ្លៀតជួបគ្នាជាទ្វេភាគីកាលពីថ្ងៃទី២៧ ខែមេសា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅប្រទេសប្រ៊ុយណេ។ ភាគីទាំងពីរ បានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ៖ ង៉ែត ពិសាន្ត



រូបភាពជំនួបដែលភ្ជាប់ក្នុងអត្ថបទដើម។






