រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្លូវដ៏ធំថ្មីមួយនឹងលេចរូបឡើងស្របតាមឆ្នេរកែវផុស១ដែលជាច្រកនៃសរសៃឈាមសេដ្ឋកិច្ចខេត្តព្រះសីហនុ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សមិទ្ធផលថ្មីស្រឡាងមួយទៀតសម្រាប់ខេត្តព្រះសីហនុ នោះគឺផ្លូវដ៏ធំថ្មីមួយទៀតបាននឹងកំពុងសាងសង់នៅតាមបណ្តោយឆ្នេរកែវផុស១ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ។ ផ្លូវថ្មីនេះ មានប្រវែងសរុបជិត ៥គីឡូម៉ែត្រ ទទឹង ៤០ម៉ែត្រ ត្រូវបានរដ្ឋបាលខេត្តចាត់ទុកជាផ្លូវសម្រាប់ប្រើប្រាស់ជាសាធារណៈ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តព្រះសីហនុ។ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងមន្រ្តីជំនាញជាច្រើនរូបផ្សេងទៀត បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវដ៏ធំថ្មីមួយនេះ។

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ទូរទស្សន៍ KPS99 តាមទូរសព្ទនៅថ្ងៃទី៣០ ខែមេសានេះថា គម្រោងនេះ ជាជំហានយុទ្ធសាស្រ្តក្នុងការប្រែក្លាយតំបន់កែវផុសឱ្យទៅជាប៉ូលទេសចរណ៍ និងសេដ្ឋកិច្ចដ៏មានសារៈសំខាន់ថ្មីមួយទៀត បន្ទាប់ពីតំបន់ឆ្នេរផ្សេងៗក្នុងក្រុងព្រះសីហនុ។

អ្នកនាំពាក្យសាលាខេត្តរូបនេះ បានបង្ហើបប្រាប់បន្ថែមថា គម្រោងស្ថាបនាផ្លូវប្របឆ្នេរនេះនឹងផ្តល់អត្ថប្រយោជន៍ទៅលើវិស័យជាច្រើន ខណៈផ្លូវនេះនឹងបើកច្រកឱ្យភ្លៀវទេសចរអាចចូលទៅកម្សាន្តនៅតំបន់ឆ្នេរកែវផុស១ កាន់តែងាយស្រួលជាងមុនដែលជាកត្តាជំរុញឱ្យមានកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយក៏ជួយបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋតាមរយៈការបង្កើតមុខរបរផងដែរ។ តាមរយៈការបង្កើតមុខរបរ លោក ឃាង ភារម្យបានពន្យល់ថា កាលណាមានផ្លូវនិងមានទេសចរមកកម្សាន្ត ប្រជាពលរដ្ឋអាចបង្កើតនូវសេវាកម្មទេសចរណ៍ ការលក់ដូរម្ហូបអាហារ សេវាស្នាក់នៅ និងសេវាកម្សាន្តផ្សេងៗ។ ពិសេសជួយជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នោះមានការកើនឡើងដែលនាំឱ្យមានប្រាក់ចំណេញដល់ម្ចាស់ដី និងអ្នកវិនិយោគថែមទៀត។

ចំណែក អត្ថប្រយោជន៍ទី២ ពាក់ព័ន្ធនឹងផ្នែកដឹកជញ្ជូន និងការស់នៅ លោក ឃាង ភារម្យ បានលើកឡើងថា នឹងផ្តល់ភាពងាយស្រួលក្នុងធ្វើដំណើរដល់ប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកវិនិយោគ។ នេះមានន័យថា ដោយសារទីតាំងខាងលើជាទីតាំងលំនៅឋាន ទីតាំងផ្តល់សេវាទេសចរណ៍ និងទីតាំងវិនិយោគរោងចក្រសហគ្រាសមួយចំនួន។ ដូច្នេះលោក បន្ថែមថា៖ «កាលណាយើងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ជាប់នេះ វាជួយសម្រួលបានការធ្វើដំណើរនិងការដឹកជញ្ជូន»។

បន្ថែមពីនេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ចាត់ទុកថា ការស្ថាបនាផ្លូវនេះ គឺជាការកំណត់ព្រំប្រទល់រវាងដីរដ្ឋ និងដីឯកជន ពោលគឺជួយឱ្យយើងកំណត់បានកាន់តែច្បាស់រវាងដីចំណីឆ្នេរ ដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន។ ក្រៅពីនេះ ក៏បានចូលរួមលើកកម្ពស់សោភណ្ឌភាពនៅតាមបណ្តោយឆ្នេរកែវផុស១ទៀតផង។ ការលើកសោភណ្ឌភាព ព្រោះផ្លូវប្របឆ្នេរ បើយើងរៀបចំបានស្អាត នោះវានឹងក្លាយទៅជាផ្លូវក្រវាត់បៃតងដែលជាកន្លែងសម្រាប់សម្រាកលំហែកាយដ៏មានសក្តានុពល និងធ្វើឱ្យតំបន់ខាងលើប្រែមុខមាត់ថ្មីកាន់តែមានភាពទាក់ទាញបន្ថែម»។

យ៉ាងណា នៅពេលដែលផ្លូវមួយនេះបានស្ថាបនារួចរាល់ វាក៏អាចជួយសម្រួលទៅដល់ការងារពាក់ព័ន្ធសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ បើតាមលោក ឃាង ភារម្យ «កាលណាយើងមានផ្លូវតភ្ជាប់ខ្វាត់ខ្វែងហើយធំទូលាយ វាក៏ងាយស្រួលដល់កម្លាំងសមត្ថកិច្ចក្នុងការល្បាតរៀបចំការពារសណ្តាប់ធ្នាប់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗដែលកើតឡើងនៅទីតាំងខាងលើនោះដែរ»។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងដោយទទូចឱ្យប្រជាពលរដ្ឋដែលមានលំនៅឋាន តូបលក់ដូរ និងការ្យផ្សេងៗនៅតម្រាយផ្លូវថ្មីតាមបណ្តោយឆ្នេរកែវផុស១ ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ឱ្យចូលរួមរុះរើសំណង់របស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីសម្រួលដល់ក្រុមការងារសាងសង់ផ្លូវស្របតាមផែនការដែលបានគ្រោងទុក។ ទោះបីជាយ៉ាងនេះក្តី ក្នុងលិខិតរបស់រដ្ឋបាលខេត្ត មិនបានបញ្ជាក់លម្អិតថា គម្រោងស្ថាប័នាផ្លូវដ៏ធំថ្មីមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅអំឡុងខែណា ឆ្នាំណានោះទេ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…