ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលជាសិស្សពូកែ ត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខ។
ការលើកទឹកចិត្តនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីបិទការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ ដែលប្រារព្ធធ្វើនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។
ក្នុងឱកាសនោះ ឯកឧត្ដម បានផ្ដាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ មានទាំងចំណេះដឹង និងសីលធម៌ សមស្របជាសសរទ្រូងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ការចូលរួមប្រឡងនេះ គឺជាជោគជ័យមួយរួចទៅហើយ ទោះបីជាជាប់ ឬមិនជាប់ជ័យលាភីក៏ដោយ ព្រោះវាជាជំហានដំបូងក្នុងដំណើរឆ្ពោះទៅក្លាយជាបញ្ញាវន្ត អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្ដម បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ត្រៀមខ្លួនឱ្យបានរឹងមាំសម្រាប់ការប្រឡងខាងមុខ ដោយបង្ហាញក្តីសង្ឃឹមថា សិស្សថ្នាក់ទី៩ នឹងបន្តចូលរួមប្រកួតនៅថ្នាក់ទី១២ ក្នុងឆ្នាំ ២០២៩ ខណៈសិស្សថ្នាក់ទី១២ នឹងទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប។
សូមជម្រាបថា ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ បានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយជ្រើសរើសបានជ័យលាភីសរុប ៦០នាក់ ក្នុងនោះថ្នាក់ទី៩ ចំនួន ៣០នាក់ និងថ្នាក់ទី១២ ចំនួន ៣០នាក់ ដែលភាគច្រើនមកពីតាមបណ្តាខេត្តនានា៕
អត្ថបទ ៖ ឡាយ កុល




រូបភាពភ្ជាប់ក្នុងអត្ថបទដើមបង្ហាញការប្រគល់បណ្ណសរសើរ និងអ្នកចូលរួមកម្មវិធី។






