រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគនិងភ្លេងឆៃយ៉ាំលេងប្រគុំទទួលប្រតិភូព្រះសង្ឃសៅលីងដើម្បីបង្ហាញពីវប្បធម៌ខ្មែរ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ មន្ទីរវប្បធម៌ខេត្តព្រះសីហនុ បាននាំក្រុមល្ខោនភ្លេងការព្រះថោងនាងនាគនិងភ្លេងឆៃយ៉ាំ មកប្រគុំទទួលស្វាគមន៍ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គនិមន្តធ្វើដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ដើម្បីទស្សនា និងថតរូបភាព-វីដេអូបង្ហាញពីវិស័យទេសចរណ៍និងវិនិយោគទៅកាន់ប្រទេសចិន និងពិភពលោក។

នៅព្រឹកថ្ងៃទី០១ ខែឧសភា ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគ ដែលទាក់ទងនឹងទំនៀមទម្លាប់មង្គលការរបស់ខ្មែរ មានទាំងតួព្រះថោងនាងនាគ ព្រះមាតាបិតារបស់នាងនាគ និងក្រុមអាមាត្យ រួមទាំងក្រុមភីលាង ព្រមទាំងក្រុមភ្លេងឆៃយ៉ាំបានប្រគុំរួមគ្នាទទួលស្វាគមន៍ក្រុមប្រតិភូព្រះសង្ឃសៅលីងមកពីប្រទេសចិនយ៉ាងរាក់ទាក់ជាទីបំផុត។ នេះបើតាមការបញ្ជាក់របស់លោក ឆេង ហ៊ាន អនុប្រធានមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។

បើតាមលោក ឆេង ហ៊ាន ព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងទេសចរណ៍វប្បធម៌នៅខេត្តព្រះសីហនុទៅកាន់ឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ លោក បានបង្ហាញក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះ ក៏នឹងជួយបង្ហាញពីសកម្មភាពទាំងអស់ទៅដល់ពិភពលោក ជាពិសេសប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ដែលឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ផងដែរ។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិនបាននិមន្តធ្វើដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ដើម្បីទស្សនា និងថតរូបភាព-វីដេអូបង្ហាញពីសក្តានុពលទេសចរណ៍និងវិនិយោគនៅខេត្តព្រះសីហនុទៅកាន់ប្រទេសចិន និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត និងលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត រួមនឹងមន្រ្តីនៃមន្ទីរ-អង្គភាពគ្រប់ជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញទទួលស្វាគមន៍ប្រតិភូព្រះសង្ឃសៅលីងយ៉ាងយកចិត្តទុកដាក់ និងរាក់ទាក់ជាទីបំផុត។ ក្រុមប្រតិភូព្រះសង្ឃសៅលីងចំនួន១៦អង្គមកពីប្រទេសចិន បានចូលទស្សនា និងថតរូបភាព-វីដេអូនៅរង្វង់មូលព្រះថោងនាងនាគ ខ្មែរធ្វើបាន និងឆ្នេរដ៏ស្រស់ស្អាតនៅអូរឈើទាល៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…