រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការដុតអាស៊ីតសម្រាប់ដេញមាសនៅទីចំហ ប៉ះពាល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស អាចបង្កឱ្យមានការសាយភាយសារធាតុពុលទៅក្នុងខ្យល់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស។ ការដកដង្ហើមស្រូបផ្សែងពុលអាចបណ្តាលឱ្យខូចផ្លូវដង្ហើម រលាកសួត ហើមសួត និងជំងឺសួតរ៉ាំរ៉ៃ។ ខណៈដែលការប៉ះពាល់ដោយផ្ទាល់អាចធ្វើឱ្យរលាកស្បែក ខូចភ្នែក និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះ ការដុតអាស៊ីតក៏បង្កការបំពុលបរិស្ថានផងដែរ ដូចជា ការបញ្ចេញផ្សែងអាស៊ីត ដែលអាចនាំឱ្យកើតមានភ្លៀងអាស៊ីត បំផ្លាញរុក្ខជាតិ ប្រែប្រួលគុណភាពដី និងបំពុលប្រភពទឹកធម្មជាតិ។

អ្នកជំនាញនៃក្រសួងបរិស្ថានបានណែនាំឱ្យអនុវត្តវិធានការបច្ចេកទេសសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់ ដូចជា៖

•  ប្រើប្រាស់ឧបករណ៍សម្អាតផ្សែង (Fume Scrubbers)

•  ប្រើសារធាតុបន្សាបជាតិពុល (ឧ. អាល់កាលី/បាស)

•  ពាក់សម្ភារការពារខ្លួន (PPE) ក្នុងពេលធ្វើការ ។

ជាមួយគ្នានេះ ម្ចាស់អាជីវកម្ម ឬសិប្បកម្ម ត្រូវគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ មិនត្រូវបោះចោលទឹកសំណល់អាស៊ីតនៅតាមទីសាធារណឡើយ។ ត្រូវប្រើប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ ដើម្បីកែសម្រួលតម្លៃ pH និងដកយកលោហៈធ្ងន់ដែលរលាយ។ ការស្តុកទុកអាស៊ីតក៏ត្រូវអនុវត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីជៀសវាងការលេចធ្លាយចូលទៅក្នុងបរិស្ថាន។

គួរបញ្ជាក់ថា កន្លងមក មានករណីមួយចំនួននៃការដុតអាស៊ីតដើម្បីដេញមាស ឬផ្លាទីន នៅតាមទីតាំងខ្លះៗ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ មន្ត្រីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តការណែនាំ អប់រំ និងចាត់វិធានការតាមច្បាប់ ដើម្បីបញ្ឈប់សកម្មភាពដែលមិនអនុវត្តតាមស្តង់ដារបច្ចេកទេស និងប៉ះពាល់ដល់សុខភាពសាធារណៈ។ ជាក់ស្តែង ការដុត ឬកំដៅអាស៊ីតដូចជា អាស៊ីតក្លរីឌ្រិច (HCl) អាស៊ីតនីទ្រិច (HNO₃) និងអាស៊ីតស៊ុលផួរិច (H₂SO₄) អាចបង្កឱ្យមានការបញ្ចេញឧស្ម័នពុល ដូចជា អាសូតអុកស៊ីត (NOx) និងស្ពាន់ធ័រអុកស៊ីត (SOx) ដែលបង្កហានិភ័យខ្ពស់ដល់សុខភាព និងបរិស្ថាន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…