ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឥណ្ឌាគ្រោងរៀបចំពិព័រណ៍គ្រឿងសមុទ្រលើកទី២ នៅថ្ងៃទី១–៣ ខែកក្កដា ឆ្នាំ២០២៦

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងពាណិជ្ជកម្មជូនដំណឹងអំពីពិព័រណ៍ SEB 2026 នៅទីក្រុង Chennai ដោយលើកពីស្តង់ សកម្មភាពធុរកិច្ច និងការគាំទ្រសម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្រ។

ក្រសួងពាណិជ្ជកម្មកម្ពុជាជូនដំណឹងដល់ពាណិជ្ជករ និងសាធារណជនថា អាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលសមុទ្រ MPEDA ក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា គ្រោងរៀបចំ «ពិព័រណ៍គ្រឿងសមុទ្រលើកទី២» Seafood Expo Bharat (SEB 2026) ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។

ពិព័រណ៍នេះគ្រោងមានស្តង់ចំនួន៣២៥ និងរំពឹងថាមានគណៈប្រតិភូធុរកិច្ចឥណ្ឌា និងបរទេសចូលរួមប្រមាណ៥០០០នាក់។ កម្មវិធីក៏គ្រោងមានជំនួបធុរកិច្ច និងទស្សនកិច្ចរោងចក្រកែច្នៃគ្រឿងសមុទ្រ ព្រមទាំងកសិដ្ឋានវារីវប្បកម្ម។

តាមសេចក្តីជូនដំណឹង ភាគីឥណ្ឌាបានអញ្ជើញក្រុមហ៊ុននាំចូលគ្រឿងសមុទ្រចំនួន១០ និងអញ្ជើញអ្នកតាំងពិព័រណ៍ក្នុងផ្នែកកែច្នៃគ្រឿងសមុទ្រ ផលិតគ្រឿងម៉ាស៊ីនវារីវប្បកម្មនិងកែច្នៃ ព្រមទាំងផ្គត់ផ្គង់ធាតុចូលសម្រាប់វារីវប្បកម្មឬការកែច្នៃ ដើម្បីរៀបចំស្តង់ចំនួន១០ ជាពន្លាកម្ពុជា។

សម្រាប់តំណាងក្រុមហ៊ុននាំចូលគ្រឿងសមុទ្រ ភាគីឥណ្ឌានឹងគាំទ្រថ្លៃសំបុត្រយន្តហោះទៅមក មិនលើស២០០០ដុល្លារអាមេរិក សម្រាប់មួយនាក់ក្នុងមួយក្រុមហ៊ុន ព្រមទាំងការស្នាក់នៅ និងការធ្វើដំណើរក្នុងស្រុក។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល អញ្ជើញអ្នកចាប់អារម្មណ៍ទាក់ទងលោក S. Asok Kumar នាយករង តាម WhatsApp: +917276009600 និងអ៊ីម៉ែល b2bmeets@mpeda.gov.in ឬ asokkumar@mpeda.gov.in ឬលោក Sreejith P.T. ជំនួយការនាយក តាម WhatsApp: +917736464984 និងអ៊ីម៉ែល sreejith@mpeda.gov.in។

ដោយ៖ ប៉ៃ សុឃីម

រូបភាពអាហារសមុទ្រសម្រាប់ជារូបតំណាង។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…