តាមសេចក្តីរាយការណ៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យការសាងសង់ជម្រកបណ្តោះអាសន្ន ការតបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាត សម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន ក្រោមការគាំទ្ររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសោភ័ណភាព និងអនាម័យជុំវិញជម្រក ដោយរៀបចំសម្អាតបរិស្ថានឱ្យបានស្អាត និងមានរបៀបរៀបរយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់លើគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យជម្រកទាំងនោះអាចប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ដោយ៖ ប៉ៃ សុឃីម














