តាមសេចក្តីរាយការណ៍ ក្រសួងទេសចរណ៍បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦» កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
យុទ្ធនាការនេះអនុវត្តតាមការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឱ្យមានសកម្មភាពពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងខែឧសភាដល់ខែតុលា ដែលជារដូវធម្មជាតិពណ៌បៃតងស្រស់ស្អាត។
ដើម្បីបង្កើនភាពទាក់ទាញ ក្រសួងបានដាក់ចេញយុទ្ធសាស្ត្រ «៦គួរ» រួមមាន៖ ១. គួរចង់ឃើញ ២. គួរស្នាក់នៅ ៣. គួរភ្លក្ស ៤. គួរទស្សនា ៥. គួរសាកល្បង និង៦. គួរទិញ។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា យុទ្ធនាការនេះមានចក្ខុវិស័យសំខាន់៣ គឺ បង្កើនភ្ញៀវទេសចរអន្តរជាតិ ជំរុញទេសចរណ៍ក្នុងស្រុក និងពង្រីកការចែកចាយភ្ញៀវទៅតំបន់នានាទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្រែពីពាក្យ «Low Season» ទៅជា «Green Season» មិនមែនជាការប្រែពាក្យធម្មតា ប៉ុន្តែជាយុទ្ធសាស្ត្រសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងលើកតម្លៃរដូវកាលនេះឱ្យក្លាយជាពេលវេលាមានសក្តានុពល។ ឯកឧត្តមបានបន្ថែមថា រដូវកាលបៃតងគឺជាពេលដែលកម្ពុជាបង្ហាញសម្រស់ធម្មជាតិដ៏ស្រស់បំព្រង មានបរិយាកាសបរិសុទ្ធ សាកសមសម្រាប់ទេសចរណ៍ធម្មជាតិ និងការសម្រាកលំហែដើម្បីសុខុមាលភាព។
ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រនិងណែនាំវិស័យទេសចរណ៍ ព្រមទាំងកោតសរសើរដល់ក្រុមការងារដឹកនាំដោយឯកឧត្តម មហាំម៉ាត់ យូណេះ ដែលឯកឧត្តមបានលើកឡើងថា បានរួមចំណែកធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។
ពិធីនេះមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងវិស័យឯកជនជាច្រើន។ ក្រសួងទេសចរណ៍បានបង្ហាញជំនឿថា តាមរយៈកិច្ចសហការរវាងរដ្ឋនិងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងអាចក្លាយជា «រដូវកាលមាសពណ៌បៃតង» ដែលនាំមកនូវការងារ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។
ដោយ៖ ប៉ៃ សុឃីម















