ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦–២០២៧ ដោយផ្តោតលើការបន្តពង្រឹងតម្លៃសង្គមឱ្យសមស្របនឹងបរិបទវិវត្តន៍សកល និងសម័យឌីជីថល។
ក្នុងពិធីបើកសន្និបាត លោកជំទាវបណ្ឌិត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសគណៈកម្មាធិការ ដែលបានគាំទ្រយ៉ាងខ្ពង់ខ្ពស់ទាំងផ្នែកស្មារតី និងធនធាន ដើម្បីជំរុញការអភិវឌ្ឍសីលធម៌ និងតម្លៃសង្គមខ្មែរ។
លោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់គណៈកម្មាធិការ ដែលបានអនុវត្តយ៉ាងសកម្មនូវអនុសាសន៍៦ចំណុច និងបំពេញតួនាទីស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងការពារវប្បធម៌ប្រពៃណីជាតិ។ ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពសកម្មភាពការងារ ត្រូវបានលើកឡើងថាជាចំណុចសំខាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងសង្គម។
ក្នុងន័យបន្ត លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ជាច្រើន ដោយលើកស្ទួយការអនុវត្តការងារដោយមានភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបាន ដើម្បីឱ្យគណៈកម្មាធិការអាចឆ្លើយតបបានទាន់ពេលវេលា ជាពិសេសក្នុងបរិបទបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដើម្បីថែរក្សា និងលើកកម្ពស់វប្បធម៌ជាតិ សីលធម៌សង្គម និងសុខុមាលភាពគ្រួសារ។ ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមក គណៈកម្មាធិការបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ ដូចជាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកស្ទួយសុជីវធម៌ ការបង្ការ និងទប់ស្កាត់អំពើហិង្សា ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់សីលធម៌សង្គម។ ដោយ៖ សុខ ស៊ីណាន



























