នៅសាលមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៥ ខែឧសភានេះ មានផ្ទាំងទស្សនីយ៍ភាពគួរឱ្យចាប់អារម្មណ៍មួយនោះគឺក្រុមល្ខោនភ្លេងការព្រះថោងនាងនាគប្រចាំខេត្តព្រះសីហនុបានសម្តែងឈុតឆាក ដើម្បីបង្ហាញអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។ ក្រុមល្ខោនភ្លេងការព្រះថោងនាងនាគ ដែលទាក់ទងនឹងទំនៀមទម្លាប់មង្គលការរបស់ខ្មែរ ក្នុងនោះមានទាំងតួព្រះថោងនាងនាគ ព្រះមាតាបិតារបស់នាងនាគ និងក្រុមអាមាត្យ រួមទាំងក្រុមភីលាងបានសម្តែងរួមគ្នា។ ចំណែក ការសម្តែងគឺផ្តោតទៅលើតែសាច់រឿង «ប្រវត្តិព្រះថោងនាងនាគ ឬដើមកំណើតនៃការកកើតទឹកដីខ្មែរ» តែប៉ុណ្ណោះ ដោយចាប់ផ្តើមពីសាច់រឿងដំបូងរហូតដល់ចុងបញ្ចប់នៃសាច់រឿង។ ផ្ទាំងទស្សនីយ៍ភាពនេះមានភាពរស់រវវើក និងគួរទីទាក់ទាញសម្រាប់ទស្សនិកជនបានដែលទស្សនាផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

























