យោងតាមសេចក្ដីរាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅយប់ថ្ងៃទី៥ ឈានចូលព្រឹកព្រលឹមថ្ងៃទី៦ ខែឧសភា អាជ្ញាធរបានបណ្ដេញជនជាតិចិន៣៣០នាក់ ក្នុងនោះមានស្ត្រី៦នាក់ ឱ្យត្រឡប់ទៅប្រទេសដើម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា។
សេចក្ដីរាយការណ៍ដែលបានយោងក្នុងព័ត៌មាននេះ បញ្ជាក់ថា អ្នកទាំងនោះពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្នាក់នៅខុសច្បាប់ ឬការធ្វើការខុសច្បាប់ ហើយបានចាកចេញតាមយន្តហោះពិសេសពីអាកាសយានដ្ឋានអន្តរជាតិតេជោ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា វិធានការនេះមានគោលបំណងពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ និងសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏យកចិត្តទុកដាក់លើការកំណត់អត្តសញ្ញាណ និងជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំ ដើម្បីជួយឱ្យពួកគេត្រឡប់ទៅប្រទេសដើមដោយសុវត្ថិភាព។










