នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ» នៅសណ្ឋាគារ សុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការតាមមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងក្រុមហ៊ុនសម្បទានមួយចំនួន សរុបចំនួន ១១៩រូប។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ដោយមានការចូលរួមពី ឯកឧត្តម គង់ វិតាណៈ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ។
ក្នុងមតិស្វាគមន៍ លោក មីន កុម្ភៈ បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់មន្ត្រីរាជការ ក្នុងការបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សួន សិទ្ធី បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពង្រឹង និងបង្កើនការយល់ដឹងអំពីតួនាទីសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិ ដើម្បីជំរុញកិច្ចសហការ និងការគាំទ្រក្នុងការងារសវនកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តសវនកម្មប្រកបដោយគុណភាព និងតម្លាភាព នឹងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ កាត់បន្ថយកំហុសឆ្គងក្នុងការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ព្រមទាំងការពារទ្រព្យសម្បត្តិរដ្ឋ និងបង្កើនទំនុកចិត្តពីសាធារណជន។
ជាមួយគ្នានេះ ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ និងជាគ្រូឧទ្ទេសនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញផ្តោតលើ ៣ចំណុចសំខាន់ រួមមាន៖
១. អាណត្តិការងាររបស់អាជ្ញាធរសវនកម្មជាតិ
២. ទស្សនាទានសំខាន់ៗអំពីសវនកម្មសាធារណៈ
៣. សារៈសំខាន់នៃទំនាក់ទំនងរវាងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពរងសវនកម្ម។
សូមបញ្ជាក់ថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យ ដែលមានភារកិច្ចត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែលម្អលើចំណុចខ្វះខាតនានារបស់អង្គភាពរងសវនកម្ម ព្រមទាំងរៀបចំរបាយការណ៍សវនកម្មផ្ញើជូនរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ហើយផ្សព្វផ្សាយជាសាធារណៈផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត





















