តាមសេចក្តីរាយការណ៍ នៅថ្ងៃទី៧ ខែឧសភា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារចម្រុះ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ដើម្បីពិភាក្សាការស៊ើបអង្កេតករណីពលរដ្ឋចិនត្រូវបានសម្លាប់នៅកម្ពុជា។
កិច្ចប្រជុំមានការចូលរួមពីនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត ក្នុងគោលបំណងពង្រឹងកិច្ចសហការរបស់អង្គភាពអនុវត្តច្បាប់ក្នុងការស៊ើបអង្កេតករណីឧក្រិដ្ឋសំខាន់ៗ។
សេចក្តីរាយការណ៍ក៏ថា នៅថ្ងៃដដែល លោកបានជួបតំណាងស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពសំណុំរឿង ការផ្លាស់ប្តូរព័ត៌មាន និងតម្រុយ។ ភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហការនគរបាល ដើម្បីជំរុញការស៊ើបអង្កេត។










