ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានដាក់គ្រឿងចក្រ ចុះអនុវត្តការស្ដារ និងយកដី និងសំរាមដែលកកស្ទះចេញពីអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់មន្ត្រីជំនាញ ការងារស្ដារនេះ សម្រេចបានប្រវែងសរុប ១៣៤០ម៉ែត្រ ក្នុងគោលបំណងសម្រួលលំហូរទឹកឱ្យបានរលូន និងមានប្រសិទ្ធភាព កាត់បន្ថយការកកស្ទះ និងបង្ការហានិភ័យនៃការជន់លិច ដោយសារទឹកភ្លៀងក្នុងរដូវវស្សា។ ការអនុវត្តការងារស្ដារប្រព័ន្ធទឹកបែបនេះ គឺជាផ្នែកមួយនៃវិធានការបង្ការ និងត្រៀមទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ៖ សុខ ស៊ីណាន













