ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូវិនិយោគិនចិន ដឹកនាំដោយលោកស្រី លី ហួយ ឈាន (Li Hui Qian) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ។
តាមការលើកឡើងរបស់ប្រតិភូវិនិយោគិនចិន គម្រោងដែលមានបំណងវិនិយោគនេះ ក៏រួមមានការបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិថីស៊ី ជីនពីង ក្រោមរូបភាព BOT (Build-Operate-Transfer) ផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងខាងលើ ដោយចាត់ទុកថា ជាគម្រោងមានសារៈសំខាន់ក្នុងការចូលរួមកែលម្អប្រព័ន្ធចរាចរណ៍នៅរាជធានីភ្នំពេញ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយពេលវេលាធ្វើដំណើរ ការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញផ្សែងពុលបង្កផលប៉ះពាល់ដល់បរិស្ថាន។
ឯកឧត្តមអគ្គលេខាធិការបានណែនាំឱ្យក្រុមវិនិយោគិនបន្តធ្វើការពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសិក្សាលម្អិតលើលទ្ធភាពអនុវត្តគម្រោង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានពន្យល់អំពីតួនាទី និងសមត្ថកិច្ចរបស់គណៈកម្មាធិការវិនិយោគកម្ពុជា និងលើកទឹកចិត្តដល់វិនិយោគិនចិន ឱ្យពិចារណាពង្រីកការបណ្តាក់ទុនលើវិស័យកម្មន្តសាល សម្រាប់ផលិតកម្មនាំចេញ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ៕ ដោយ៖ សុខ ស៊ីណាន











