ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបទីតាំង Online Scams នៅបាត់ដំបង ឃាត់ខ្លួនជនជាតិចិន ២៧នាក់ និងដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន

KPS99TV

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍ ប្រតិបត្តិការថ្ងៃទី៥ ខែឧសភា នៅស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនជាតិចិន២៧នាក់ ក្នុងនោះស្ត្រីម្នាក់។ ៧នាក់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ខណៈ២០នាក់ត្រូវបានរាយការណ៍ថាមិនមានលិខិតឆ្លងដែន។

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅស្រុកភ្នំព្រឹក ដោយឃាត់ខ្លួនជនជាតិចិនចំនួន ២៧នាក់ និងដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក និងសមត្ថកិច្ចចម្រុះ ដឹកនាំដោយឯកឧត្តម ឌួង ឧត្តម សមាជិកលេខាធិការដ្ឋាន គ.ប.ឆ.ប និងជាប្រធានក្រុមការងារចម្រុះទី៣ បានចុះឆែកឆេរទីតាំងស្នាក់នៅប្រមូលផ្តុំជនបរទេសចំនួន២កន្លែង ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ទីតាំងទី១ គឺផ្ទះជួលរបស់ឈ្មោះ ប៉េង ស្រៀង និងទីតាំងទី២ គឺផ្ទះសំណាក់ “ពេជ្រចិន្តា” ដែលមានជនជាតិចិនស្នាក់នៅសរុប ២៧នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថា មានជនជាតិចិនចំនួន ៧នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ ខណៈ ២០នាក់ទៀត មិនមានលិខិតឆ្លងដែនឡើយ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រលើតុ ៤៨គ្រឿង, កុំព្យូទ័រយួរដៃ ៩គ្រឿង, ក្តាចុច ៨៣គ្រឿង, ម៉ៅចុច ៥០គ្រឿង, ទូរស័ព្ទដៃ ១៤៩គ្រឿង, ឧបករណ៍ទប់ភ្លើង ២គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរ និងបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈវត្ថុតាងត្រូវបានរក្សាទុក និងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…