ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ Online មួយកន្លែង នៅស្រុកសង្កែ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០នាក់ និងដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០ និង២០នាទី ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ បានចុះបង្ក្រាបទីតាំងខាងលើ ស្ថិតនៅក្រុមទី២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ក្នុងនោះមានស្ត្រី៤នាក់ ដែលកំពុងធ្វើសកម្មភាពល្បែងស៊ីសងតាម Online ហើយក្នុងចំណោមនោះ ក៏មានតំណាងម្ចាស់ទីតាំងម្នាក់ផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន១០គ្រឿង និងម៉ាស៊ីនកុំព្យូទ័រចំនួន២៥គ្រឿង ដែលក្នុងនោះមាន១៩គ្រឿង ត្រូវបានដំឡើងរួចសម្រាប់ប្រើប្រាស់។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សុខ ស៊ីណាន











