ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តន៍ជនប្រមាណ៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការងារសង្គមកិច្ច និងប្រព័ន្ធគាំពារសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការរីកចម្រើនប្រកបដោយសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជន ព្រមទាំងណែនាំឱ្យយកចិត្តទុកដាក់លើការបង្កើតវប្បធម៌ល្អសម្រាប់ក្មេងជំនាន់ក្រោយ ការរៀបចំលំនៅឋាន និងដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តន៍ជន គឺជាកិច្ចការសំខាន់ក្នុងការរក្សាស្ថិរភាពសង្គម និងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីតម្រូវការរកដីនៅតំបន់ប្រជុំជន ដែលមានសាលារៀន និងមន្ទីរពេទ្យនៅជិតលំនៅឋាន ដើម្បីឱ្យកូនចៅបានបន្តការសិក្សា និងរួមគ្នាលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តន៍ជន។
ឯកឧត្តមបានលើកឡើងពីការស្នើបង្កើតមូលនិធិសមាគមក្នុងខេត្ត សម្រាប់ជួយអតីតយុទ្ធជន និងនិវត្តន៍ជន ព្រមទាំងគម្រោងសាងសង់ផ្ទះចំនួន៣០ខ្នងជូនពួកគាត់នៅខេត្តព្រះសីហនុ។
ដោយឡែក លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការសឹករងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានឱ្យដឹងថា អគារស្នាក់ការនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ ១៧២,២០ម៉ែត្រការ៉េ ជាអគារបេតុងប្រក់ក្បឿង មាន៤បន្ទប់ ចំណាយថវិកាសាងសង់ប្រមាណ ៧២,០០០ដុល្លារអាមេរិក។
ឯកឧត្តម សាយ សំអាល់ បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន៣០០នាក់ ដោយក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកា១០ម៉ឺនរៀល៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត


























