ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប៉ៃលិនបន្តត្រួតពិនិត្យតាមផ្លូវជាតិលេខ៥៧ និង៥៩ ដើម្បីទប់ស្កាត់គ្រឿងញៀន អាវុធខុសច្បាប់ និងការឆបោកអនឡាញ

KPS99TV

សេចក្តីសង្ខេប

តាមរដ្ឋបាលខេត្តប៉ៃលិន កម្លាំងចម្រុះបានបន្តត្រួតពិនិត្យតាមដងផ្លូវនៅថ្ងៃទី៨ ខែឧសភា និងយកចិត្តទុកដាក់លើទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស និងកាស៊ីណូ។

ប៉ៃលិន៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានបន្តពង្រឹងវិធានការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីស្វែងរក និងទប់ស្កាត់ការជួញដូរសារធាតុញៀន ការកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់ ព្រមទាំងការលួចចូលមករស់នៅដោយខុសច្បាប់របស់ជនបរទេស ដែលអាចពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam)។

យុទ្ធនាការនេះ ត្រូវបានអនុវត្តនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពខេត្ត ក្នុងគោលបំណងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបញ្ជាក់ថា ការបន្តដាក់គោលដៅត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនានា រួមមាន ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរមនុស្ស ការចាប់ជំរិត និងបទល្មើសបច្ចេកវិទ្យា គឺជាផ្នែកមួយនៃការពង្រឹងរបបសន្តិសុខសង្គម និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំរបស់ជនបរទេស ទីតាំងកាស៊ីណូ និងការតាំងទីលំនៅផ្សេងៗ ដើម្បីទប់ស្កាត់ការលួចចូលស្នាក់នៅដោយខុសច្បាប់ និងការបង្កប់សកម្មភាពល្មើសច្បាប់។

ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជា បាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធជាច្រើន បញ្ជូនទៅតុលាការ និងអនុវត្តនីតិវិធីបណ្តេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចកម្ពុជា ក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ក្នុងការផ្លាស់ប្តូរព័ត៌មានស្តីពីខ្សែបណ្តាញមេខ្លោង និងការបង្ក្រាបបទល្មើសឆ្លងដែនផងដែរ៕ ដោយ៖ សុខ ស៊ីណាន

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…