ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វឌ្ឍនភាព និងលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន

KPS99TV

សេចក្តីសង្ខេប

សេចក្ដីប្រកាសព័ត៌មានថ្ងៃទី៨ ខែឧសភា រៀបរាប់ពីការកសាងសហគមន៍អាស៊ាន សមាហរណកម្មសេដ្ឋកិច្ច សន្តិសុខថាមពលនិងស្បៀង សុវត្ថិភាពពលរដ្ឋ និងឯកសារ៥ដែលបានអនុម័ត។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែឧសភា ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។ តាមសេចក្ដីប្រកាស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកិច្ចប្រជុំនេះនៅសេប៊ូ ប្រទេសហ្វីលីពីន។

ថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាអំពីការកសាងសហគមន៍អាស៊ាន និងផ្លាស់ប្ដូរទស្សនៈអំពីការវិវឌ្ឍក្នុងតំបន់និងអន្តរជាតិ ក្រោមមូលបទ «ការតម្រង់ទិសអនាគតរបស់យើងរួមគ្នា»។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាជំរុញការកសាងសហគមន៍ ពង្រឹងភាពធន់ក្នុងតំបន់ និងលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការឆ្លើយតបបញ្ហាប្រឈមតំបន់និងសកល ជាពិសេសសន្តិសុខថាមពល សន្តិសុខស្បៀង និងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន។

តាមសេចក្ដីប្រកាស សម្តេចធិបតីបានលើកឡើងថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ តួនាទីនិងអំណាចទន់របស់អាស៊ានកើតចេញពីភាពជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹត្យភាព អាចចូលរួមជាមួយគ្រប់ភាគីដោយយុត្តិធម៌និងភាពជឿជាក់ ក្នុងបរិបទសកលដែលកាន់តែបែកបាក់។

សម្តេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ឯកភាព និងភាពធន់របស់អាស៊ាន ក្នុងការឆ្លើយតបផលប៉ះពាល់សាយភាយពីស្ថានការណ៍វិវឌ្ឍនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមសកលថ្មីៗ។ សម្តេចបានលើកពីតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបការប៉ះទង្គិចពីខាងក្រៅប្រកបដោយប្រសិទ្ធភាព និងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦-២០៣០ រួមទាំងការពន្លឿនការអនុវត្តច្រកចេញចូលអាស៊ានតែមួយ២.០ ការជំរុញអន្តរប្រតិបត្តិការឌីជីថល ការពន្លឿន ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ រួមមាន កាណាដា និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមទាំងការឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

ពាក់ព័ន្ធបញ្ហាសន្តិសុខ និងភាពធន់ថាមពល សម្ដេចធិបតី បានផ្តោតសារៈសំខាន់នៃការពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសន្តិសុខប្រេងឥន្ធនៈ ព្រមទាំងការជំរុញបណ្តាញថាមពលអាស៊ាន (APG) និងបំពង់បង្ហូរឧស្ម័នឆ្លងអាស៊ាន ដើម្បីពង្រឹងភាពធន់ថាមពល និងភាពបត់បែននៃការផ្គត់ផ្គង់ក្នុងតំបន់។

ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធស្បៀងក្នុងតំបន់ និងការលើកកម្ពស់ការត្រៀមខ្លួនរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការតំបន់ដែលមានស្រាប់ រួមមានយន្តការអាស៊ានបូកបីស្តីពី ការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR) និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន។ សម្តេចធិបតី បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានអតិរេកស្បៀង ក្នុងការចូលរួមចំណែកប្រកបដោយអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់លើសន្តិសុខស្បៀង។

សម្តេចធិបតី ក៏បានលើកឡើងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកើតចេញពីភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែលរងផលប៉ះពាល់។ សម្តេចធិបតី បានបង្ហាញភាពរីករាយដោយបានឃើញប្រទេសសមាជិកអាស៊ានជួយគ្នាទៅវិញទៅមកស្របតាមសេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ណែនាំស្តីពីកិច្ចសហប្រតិបត្តិការកុងស៊ុលដោយស្ថានបេសកកម្មរបស់ប្រទេសសមាជិកអាស៊ាននៅប្រទេសទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានដទៃទៀត និងគោលការណ៍ណែនាំស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយស្ថានបេសកកម្មអាស៊ាននៅប្រទេសទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានក្នុងគ្រាអាសន្ន។

ថ្នាក់ដឹកនាំបានអនុម័តឯកសារចំនួន៥ រួមមាន៖ ទី១ ពិធីសារសេប៊ូ ស្ដីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន; ទី២ សេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ; ទី៣ សេចក្ដីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្ដីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា; ទី៤ សេចក្ដីប្រកាសអាស៊ានស្ដីពីការផ្ដល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ; និងទី៥ សេចក្ដីប្រកាសអាស៊ានស្ដីពីការឆ្លើយតបគ្រោះមហន្តរាយ៖ ក្របខណ្ឌពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់គ្រាអាសន្ន និងការផ្លាស់ប្ដូរគ្រប់ជ្រុងជ្រោយ (ASPECT)។

ក្រៅពីនេះ ក្នុងសម័យប្រជុំចង្អៀត ថ្នាក់ដឹកនាំអាស៊ានក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមមានសមត្ថភាពអាស៊ានក្នុងការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេង និងការប្រែប្រួលតម្លៃ ដែលកើតឡើងពីស្ថានភាពតានតឹងភូមិសាស្ត្រនយោបាយ ព្រមទាំងមេរៀនដែលទទួលបានពីវិបត្តិភូមិសាស្ត្រនយោបាយថ្មីៗ។ សេចក្ដីប្រកាសព័ត៌មាននេះចុះថ្ងៃនៅរាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…