យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់កម្ពុជា-ថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃមិនទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)លើកទី៣។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃបានបន្តតាមដាន កត់ត្រា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តយកចិត្តទុកដាក់លើការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដែលរងផលប៉ះពាល់ពីស្ថានភាពនេះ។
១. ស្ថានភាពពលរដ្ឋភៀសសឹក
តាមសេចក្តីប្រកាសព័ត៌មាន ក្នុងរយៈពេលពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែឧសភា មានពលរដ្ឋភៀសសឹកចំនួន១៣នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។
ក្រសួងបានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤០,០០០នាក់ មានជាង៦១០,០០០នាក់ ឬប្រមាណ៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។
តាមក្រសួង នៅមានពលរដ្ឋភៀសសឹក៣២,៨៩៩នាក់ ក្នុងនោះមានស្ត្រី១៧,០១៩នាក់ និងកុមារ១១,០៧៨នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
២. សេវាសាធារណៈនៅតំបន់រងផលប៉ះពាល់
សេវាសាធារណៈមួយចំនួននៅតែបន្តផ្អាកជាបណ្តោះអាសន្ន រួមមាន៖
- ខេត្តឧត្តរមានជ័យ៖ សាលារៀន ៨ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ៥
- ខេត្តបន្ទាយមានជ័យ៖ សាលារៀន ៥ និងមណ្ឌលសុខភាព ១- ខេត្តព្រះវិហារ៖ សាលារៀន ៧ និងមណ្ឌលសុខភាព/មន្ទីរពេទ្យ ២
៣. ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល
ក្រសួងបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ពុំមានរបាយការណ៍ថ្មីបន្ថែមអំពីការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ក្រៅពីករណីដែលក្រសួងបានកត់ត្រារួចមកហើយទេ។
៤. ស្ថានការណ៍នយោបាយ និងការទូត
ក្រសួងមហាផ្ទៃបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃជំនួបត្រីភាគី កម្ពុជា–ហ្វីលីពីន–ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងស្តារទំនុកចិត្តដើម្បីសន្តិភាពយូរអង្វែង។ កម្ពុជាបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា មិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងឡើយ និងគាំទ្រការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីពាក់ព័ន្ធ។
៥. អំពាវនាវ
ក្រសួងមហាផ្ទៃបានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស បន្តរួបរួមសាមគ្គីគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់ និងយន្តការការទូត ដើម្បីរក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពយូរអង្វែង៕
ដោយ៖ សុខ ស៊ីណាន









