ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែនលើកឡើងពីតួនាទីផលិតអំបិលនៅកំពត និងកែប និងជំរុញឱ្យយកចិត្តទុកដាក់លើសុខភាពសាធារណៈ

KPS99TV

សេចក្តីសង្ខេប

ក្នុងជំនួបជាមួយមន្ត្រីខេត្តទាំងពីរ នៅថ្ងៃទី៩ ខែឧសភា សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានលើកឡើងពីការផ្គត់ផ្គង់អំបិល អំបិលអ៊ីយ៉ូត សេវាសាធារណៈ និងសន្តិសុខមូលដ្ឋាន។

តាមសេចក្តីរាយការណ៍ អំឡុងពេលជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនៃខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានលើកឡើងពីតួនាទីសំខាន់នៃការផលិតអំបិលនៅខេត្តទាំងពីរ ក្នុងការផ្គត់ផ្គង់ដល់ខេត្តដទៃទៀត។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងក្រោយជំនួបថា សម្ដេចតេជោមានប្រសាសន៍ថា កំពត និងកែប គឺជាខេត្តខុសពីខេត្តដទៃដែលមានផលិតកម្មធុនស្រាលតិចតួច តែឧស្សាហកម្មធុនធ្ងន់មានច្រើន ដូចជាមានរោងចក្រផលិតស៊ីម៉ងត៍ និងរោងចក្រវារីអគ្គិសនីជាដើម។

តាមសេចក្តីរាយការណ៍ សម្តេចតេជោបានចាត់ទុកការផលិតអំបិលថាជាលក្ខណៈពិសេសមួយរបស់ខេត្តកំពត និងខេត្តកែប ដែលមានតួនាទីជួយផ្គត់ផ្គង់តម្រូវការទូទាំងប្រទេស។

សម្តេចបានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកដល់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ដែលបានជួយដល់សុខភាពអ្នកប្រើប្រាស់។

សម្តេចប្រមុខរដ្ឋស្ដីទី កត់សម្គាល់ឃើញថា មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពត និងកែបទាំងអស់បានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជំរុញឱ្យខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងទប់ស្កាត់ឱ្យបាននូវទង្វើបង្កចលាចលនានាក្នុងសង្គម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…