ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរភ្នំពេញឃាត់ខ្លួនជនបរទេស៥៨នាក់ នៅទីតាំង២កន្លែងសង្ស័យពាក់ព័ន្ធនឹងការឆបោកអនឡាញ

KPS99TV

សេចក្តីសង្ខេប

របាយការណ៍បានឱ្យដឹងថា ប្រតិបត្តិការនៅខណ្ឌ៧មករា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៥៥នាក់នៅសណ្ឋាគារមួយ និងរកឃើញជនជាតិចិន៣នាក់នៅទីតាំងមួយទៀត ដើម្បីបន្តនីតិវិធី។

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនបរទេសសរុប៥៨នាក់ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី និងចិន ព្រមទាំងដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអាជ្ញាធរខណ្ឌ៧មករា និងស្ថាប័នពាក់ព័ន្ធ។

ក្នុងករណីទី១ សមត្ថកិច្ចបានចុះបង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស ស្ថិតនៅផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥៥នាក់ ក្នុងនោះមានស្ត្រី៩នាក់ ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី។ ក្នុងចំណោមនោះ មានម្នាក់គ្មានលិខិតឆ្លងដែន និង២៧នាក់ទៀតបានស្នាក់នៅហួសទិដ្ឋាការ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតទូរសព្ទដៃចំនួន២៨០គ្រឿង កុំព្យូទ័រយួរដៃ៨គ្រឿង លិខិតឆ្លងដែនឥណ្ឌូនេស៊ី៣០ច្បាប់ និងរថយន្តម៉ាក Alphard មួយគ្រឿងផងដែរ។

តាមការពិនិត្យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាត និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការសន្ទនាលួងលោមបែបស្នេហា ដើម្បីទាក់ទាញជនរងគ្រោះ។ អាជ្ញាធរបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើស “Romance Scam” ឬការឆបោកតាមទំនាក់ទំនងស្នេហា ដោយផ្តោតគោលដៅលើជនរងគ្រោះនៅប្រទេសឥណ្ឌូនេស៊ី។

ដោយឡែក ក្នុងករណីទី២ កម្លាំងជំនាញសហការជាមួយនគរបាលខណ្ឌ៧មករា និងក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងមួយនៅមជ្ឈមណ្ឌលអូឡាំព្យា អគារ S3 បន្ទប់ BB Cake ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនជាតិចិន៣នាក់ ក្នុងនោះម្នាក់គ្មានលិខិតឆ្លងដែន។ សម្ភារៈដែលដកហូតបាន រួមមានកុំព្យូទ័រ All-in-One ចំនួន២គ្រឿង ម៉ូនីទ័រ១គ្រឿង និងទូរសព្ទដៃ៤គ្រឿង។ សមត្ថកិច្ចសន្និដ្ឋានថា ក្រុមនេះពាក់ព័ន្ធអំពើឆបោកអនឡាញក្រោមរូបភាពអូសទាញវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ហើយមាត្រា២៤កំណត់ឱ្យមានអានុភាពអនុវត្តភ្លាម។ មាត្រា៥ដល់៩ចែងអំពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក ការជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមឆបោក ការប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃ និងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសដែលមានចែងក្នុងច្បាប់នេះ។ ទោសអាស្រ័យលើបទល្មើស និងលក្ខខណ្ឌដែលច្បាប់បានកំណត់។ តាមមាត្រា៦ អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកដែលបណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ដល់៣០ឆ្នាំ ឬអស់មួយជីវិត។ ច្បាប់ក៏ចែងអំពីពិន័យជាប្រាក់ និងការរឹបអូសទ្រព្យសម្បត្តិតាមលក្ខខណ្ឌដែលបានកំណត់ផងដែរ៕

ដោយ៖ សុខ ស៊ីណាន

ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

មតិយោបល់

កំពុងផ្ទុកមតិយោបល់…